ការប្រកួតកីឡាបាល់ទះមិត្តភាព «CAMBODIA VOLLEYBALL ALL STAR»

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិបារាំង ឬក្រុមបាល់ទះយុវជនបារាំងអាយុក្រោម១៩ឆ្នាំ (U19) នៅអំឡុង​ពាក់​កណ្ដាល​ខែ​កុម្ភ:ខាង​មុខ​នេះ។

នេះបើតាមការបង្ហើបរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ កីឡាបាល់ទះកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះមិត្តភាព «CAMBODIA VOLLEYBALL ALL STAR» នេះរៀបចំ ឡើង​ដោយ​សហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បី​អបអរ​សាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៤ ស្ថិតនៅកីឡដ្ឋានព្រីន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។

ជុំវិញការប្រកួតមិត្តភាព ជាមួយក្រុមកំពុងឈរចំណាត់ថ្នាក់លេខ៤ លើពិភពលោកនេះ ត្រូវ​បាន​លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ដែល​ជាស្ថិត​ក្នុង​ផែន​ការរបស់សហព័ន្ធ ក្នុងការជំរុញក្រុមជម្រើសជាតិកម្ពុជា ធ្វើ​ការ​ប្រកួតមិត្តភាព​អន្ដរជាតិ​ឲ្យ​បាន​ច្រើននាពេលខាងមុខ ពិសេសក្រុមខ្លាំងៗជាងខ្លួន ដើម្បីវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស ឆ្ពោះ​ទៅប្រជែងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣។

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់​បន្ថែម​ថា៖ «សហព័ន្ធនឹង​ធ្វើ​ការ​ប្រកួតមិត្តភាព​អន្ដរជាតិឲ្យបាន​ច្រើន​បន្ត​ទៀតដើម្បី​បង្កើន​ទំនាក់ទំនង់​ជា​មួយ​ប្រទេស​តំបន់​អាស៊ាន និង​ជុំវិញ​ពិភពលោក គឺ​ដើម្បី​ឲ្យ​វិស័យ​បាល់​ទះ​កម្ពុជា​ដើរ​ទាន់​បរិបទ​កីឡា​បាល់ទះ​ពិភពលោក»។ អគ្គលេខាធិការសហព័ន្ធ បានបន្ថែម​ថា យើង​ក៏​កំពុង​តែ​បង្កើត​ភាព​ស្និត​ស្នាល​ និង​គ្រោង​អញ្ជើញ​កីឡាករ​បាល់ទះសហរដ្ឋអាមេរិកដើម្បី​ធ្វើ​ការ​ប្រកួត​មិត្តភាព​នៅកម្ពុជា​ផង​ដែរ។

គួរបញ្ជាក់ថា ការប្រកួតមិត្តភាព រវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្រុមបាល់ទះ Cambodia All Star មកពីជុំវិញសមាគម និងក្លិប នៅប្រទេសកម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ កន្លង​ទៅ ចំនួន៥ សិតរួច​មក​ក្រុមបាល់​ទះជម្រើស​ជាតិកម្ពុជា ឈ្នះ៤ លើក្រុមបាល់ទះ Cambodia All Star ឈ្នះ១៕

អត្ថបទពាក់ព័ន្ធ៖ក្រុមបាល់ទះជម្រើសជាតិកម្ពុជា យកឈ្នះគុយបា ៣សិត១ ក្នុងជំនួបមិត្តភាពអន្តរជាតិ (មានវីដេអូ)

Share.