កុមារី Alex Eala វ័យ​​១៦​ឆ្នាំ​​របស់​ហ្វីលីពីន ដែល​ជា​សមាជិក​ក្នុង​តំបន់​អាស៊ាន បាន​ឈ្នះ​ជើង​ឯក​ពានរង្វាន់​កីឡា​វាយ​កូនបាល់​អន្តរជាតិ 2021 French Open នៅ​ទីក្រុង​បារីស លើ​វិញ្ញាសា​វាយ​គូ​កុមារី កាល​ពី​ពាក់កណ្ដាល​ខែ​មិថុនា កន្លង​ទៅ ខណៈ​នាង​បាន​តាំង​ចិត្ត​ជា​ថ្មី ចូលរួម​ប្រកួត​នៅ​ក្នុង​ពានរង្វាន់ Wimbledon នៅ​​ប្រទេស​អង់គ្លេស​ នា​ពេល​ខាង​មុ​ខទៀត។

ប្រាប់​សារព័ត៌មាន TV5 របស់​ហ្វីលីពីន កុមារី​ខាង​លើ​បាន​លើក​ឡើង​ថា៖«ខ្ញុំ​ពិត​ជា​មាន​កម្លាំង​ចិត្ត​ខ្លាំង​ណាស់​ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​Wimbledon ព្រោះ​វា​ជា​លើក​ទី១​របស់​ខ្ញុំ ហើយ​ជា​ Grand Slams ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត។ ខ្ញុំ​បាន​ហ្វឹកហាត់​ខ្លាំង​ជាមួយ​ដៃ​គូ​របស់​ខ្ញុំ​ហើយ​យើង​បាន​មើល​ពី​ចំណុច​ខ្វះ​ខាត​នានា​មុន​ចូលរួម​ប្រកួត​ផ្លូវការ»។​

​ម្ដាយ​​របស់​កុមារី Alex Eala ​មាន​ឈ្មោះ Rizza ​ជា​ម្ចាស់​មេដាយ​សំរឹទ្ធិ​វិញ្ញាសា​ហែលទឹក​ចម្ងាយ​១០០ម៉ែត្រ ក្នុង​ស៊ីហ្គេម​ឆ្នាំ​១៩៨៥ ហើយ​បច្ចុប្បន្ន​ជា​នាយក​​ហិរញ្ញវត្ថុ​នៅ​ក្រុមហ៊ុន​ទូរគមនាគមន៍ Globe Telecom ហើយ​នាង​ជា​ក្មួយ​ស្រី​បង្កើត​​របស់​ស្នងការ​ប្រកួត​របស់​សហព័ន្ធ​កីឡា​បាល់បោះ​ហ្វីលីពីន លោក Noli Eala បងប្រុស​បង្កើត​របស់​នាង​ឈ្មោះ Michael ជា​កីឡាករ​វាយ​កូន​បាល់​នៅ​សកល​វិទ្យាល័យ Pennsylvania State នៅ​សហរដ្ឋ​អាមេរិក។

«ខ្ញុំ​ពិត​ជា​មាន​ទំនុក​ចិត្ត​ខ្លាំង​ណាស់​មុន​ការ​ប្រកួត​មក​ដល់។ ខ្ញុំ​ទៅ​ទីនោះ (ទីក្រុង​ឡុងដុង) ហើយ​មិន​រំពឹង​ពី​អ្វី​ទាំង​អស់ ប៉ុន្តែ​ខ្ញុំ​ផ្ដោត​លើ​ការ​ប្រកួត​ដែល​ត្រូវ​លេង​ម្តង​មួយ​ប្រកួត​ៗ»។ កុមារី Alex Eala បន្ថែម។ រូប​គេ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣​កម្រិត​ពិភពលោក លើ​វិញ្ញាសា​វាយ​គូ​កុមារី គឺ​ក្រោយ​សាង​សមិទ្ធផល ឈ្នះ​ជើង​ឯក​ពានរង្វាន់ French Open ក្រោយ​១៨ខែ ដែល​ឈ្នះ​ជើង​ឯក​ពានរង្វាន់ Australian Open។ ម៉្យាង​នៅ​ប្រកួត​ខាង​មុខ​នេះ​នាង​មិន​ទាន់​បង្ហាញ​ឈ្មោះ​ដៃ​គូ​ប្រកួត​នៅ​ឡើយ ខណៈ​គូ​ប្រជែង​សុទ្ធសឹង​ជា​ក្លិប​ក្នុង​ប្រទេស​អង់គ្លេស​ទាំង​អស់។

​បើទោះបី​នេះ​ជា​លើក​ទី១ ក្នុង​ការ​ប្រកួត ​Wimbledon តែ​កុមារី Alex Eala នឹង​ប្រឹងប្រែង​ហ្វឹកហាត់​នៅ​លើ​ទីលាន​ស្មៅ ក្នុង​ក្រុម​យុវជនRafael Nadal Academy នៅ​ប្រទេស​អេស្ប៉ាញ​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖បញ្ជី​ម្ចាស់​ជើង​ឯក​ទាំង​​១៥​វិញ្ញាសា​ក្នុង​ព្រឹត្តិការណ៍​វាយ​កូន​បាល់​អន្តរជាតិ​ French Open

ព្រឹត្តិការណ៍​វាយ​កូន​បាល់ Wimbledon ជា ​Grand Slams​ ១​ក្នុង​ចំណោម​៤ លើ​លោក ដែលធំជាង​គេ ​ក្នុង​នោះ​មាន Australian Open (នៅ​អូស្ត្រាលី) French Open (បារាំង) និង US Open (នៅ​អាមេរិក)។ ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​រៀបចំ​ពី​​ថ្ងៃ​ទី២៨​ខែ​មិថុនា ដល់​១១ ខែ​កក្កដា ឆ្នាំ​២០២១ លើ​ទីលានAll England Lawn Tennis and Croquet Clubក្នុង​ទីក្រុង​ឡុងដុង ដោយ​មាន​១៥​វិញ្ញាសា ក្នុង​នោះ​មាន៖
*វាយ​ឯកត្តជន​បុរស (Men’s Singles)
*វាយ​ឯកត្តជន​នារី (Women’s Singles)
*វាយ​គូ​បុរស (Men’s Doubles)
*វាយ​គូ​នារី (Women’s Doubles)
*វាយ​គូ​ជម្រុះ​បុរស-នារី (Mixed Doubles)
*វាយ​ឯកត្តជន​កុមារា (Boys’ Singles)
*វាយ​ឯកត្តជន​កុមារី (Girls’ Singles)
*វាយ​គូ​កុមារា​ (Boys’ Doubles)
*វាយ​គូ​កុមារី (Girls’ Doubles)
*វាយ​ប្រើ​កៅអី​​ឯកត្តជន​បុរស (Wheelchair Men’s Singles)
*វាយ​ប្រើ​កៅអី​​ឯកត្តជន​នារី (Wheelchair Women’s Singles)
*វិញ្ញាសា Wheelchair Quad Singles
*វាយ​ប្រើ​កៅអី​គូ​បុរស (Wheelchair Men’s Doubles)
*វាយ​ប្រើ​កៅអី​គូ​នារី (Wheelchair Women’s Doubles)
*វិញ្ញាសា (Wheelchair Quad Doubles)

Telegram-Troryorng
Share.