ក្លិបបាល់ទាត់តោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Graham Potter បន្តរងបរាជ័យ នៅក្របខណ្ឌ Premier League រដូវកាល ២០២២-២៣ ដោយចាញ់ Fulham ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Craven Cottage កាលពីវេលាទាបភ្លឺថ្ងៃសុក្រ ទី១៣ ខែមករា។

២គ្រាប់ជ័យជម្នះរបស់ Fulham ក្រោមការដឹកនាំរបស់លោក Marco Silva ស៊ុតបញ្ចូលទីដោយកីឡាករ Willian និង Carlos Vinicius ខណ:១របស់ Chelsea ស៊ុតដោយ Kalidou Koulibaly។ អំឡុងការប្រកួតនៅនាទី៥៨’ ខ្សែប្រយុទ្ធចំណូលថ្មី João Félix ត្រូវបានអាជ្ញាកណ្តាល David Coote ផ្តល់កាតក្រហម បណ្តេញចេញពីការប្រកួត។

នេះគឺជាកាតក្រហម ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្សែប្រយុទ្ធវ័យក្មេងជនជាតិព័រទុយហ្គាល់រូបនេះ ក្រោយ Chelsea នាំចូលក្នុងលក្ខខណ្ឌខ្ចីជើងចំនួន១រដូវកាល ពីក្លិប Atletico Madrid ជាមួយកុងត្រារហូតដល់ដាច់ឆ្នាំ ២០២៣។

ចំពោះលក្ខខណ្ឌខ្ចីជើងនេះក្លិបបាល់ទាត់ Chelsea របស់លោក Graham Potter ត្រូវបង់លុយប្រមាណ ១០លានផោន ទៅកាន់ Atletico Madrid។ គួរដឹងថាក្លិបបាល់ទាត់ Atletico Madrid ក្រោមការដឹកនាំរបស់លោក Diego Simeone បានប្រកាសនាំចូល João Félix ក្នុងវ័យ១៩ឆ្នាំ ពីក្លិប Benfica ក្នុងតម្លៃប្រមាណ ១១១លានផោន កាលពីឆ្នាំ ២០១៩ ហើយនេះគឺជាតម្លៃផ្ទេរថ្លៃបំផុតទី៥ប្រចាំប្រវត្តិសាស្រ្ត។

បច្ចុប្បន្ន Chelsea កំពុងស្ថិតនៅលេខរៀងទី១០ ក្រោយឆ្លងកាត់ ១៨ប្រកួត ឈ្នះ៧ ស្មើ៤ និងចាញ់៧ មាន២៥ពិន្ទុប៉ុណ្ណោះក្នុងដែ ខណ: Fulham ស្ថិតនៅលេខរៀងទី៦ លេង១៩ប្រកួត ឈ្នះ៩ ស្មើ៤ និងចាញ់៦ មាន៣១ពិន្ទុ៕

Share.