សិល្បៈ​អន្តរជាតិ​៖ ពិធីករ​ស្បែក​ស្រគាំ​ Jerrod Carmichael បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទុះ​ការ​មិន​ពេញចិត្ត​ជា​ទម្ងន់​ ​នៅពេល​លើក​យក​ករណី​ដែល​ Will Smith ទះកំផ្លៀង​ Chris Rock អស់​មួយ​ទំហឹង​​នា​អំឡុង​​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អូស្ការ​កាល​ពី​ឆ្នាំ​២០២២។

នៅ​ក្នុង​កម្មវិធី​ដែល​មាន​មនុស្ស​ចូលរួម​យ៉ាង​ច្រើន​កុះករ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ ​ខែ​មករា​ Jerrod Carmichael បាន​ប្រាប់​មិត្ត​រួម​ការងារ​របស់​ខ្លួន​ថា​ខ្លួន​ត្រលប់​មក​ឆាក​ឡើងវិញ​ហើយ​ «ក្នុងអំឡុងពេលសម្រាកពាណិជ្ជកម្ម យើងបានប្រគល់ពានរង្វាន់ Rock Hudson Honor Award ដល់ Will Smith សម្រាប់ការបង្ហាញភាពជាបុរសដ៏ឆ្នើមរបស់គាត់នៅលើកញ្ចក់ទូរទស្សន៍។ សូម​ផ្តល់​សំឡេង​ទះដៃដល់គាត់។»

យ៉ាង​ណា​មិញ​ពាក្យ​សម្ដី​លេង​សើច​របស់​ MC រូប​នេះ​ដូច​ជា​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ចូលរួម​នោះ​ឡើយ​ ជា​ពិសេស​នៅពេល​ដែល​លោក​យក​រឿង​លេង​សើច​បែប​នេះ​មក​និយាយ​នៅក្រោយ​ពេល​ដែល​អ្នក​ដឹកនាំ​ល្បី Ryan Murphy បាន​ថ្លែង​ពី​សារសំខាន់​នៃ​ការ​នាំ​យក​រូប​ភាព​នៃ​សហគមន៍​ LGBT មក​កាន់​ប្រព័ន្ធផ្សព្វផ្សាយ​។

«រឿង​នេះ​បាន​កើត​ឡើង​ជិត​មួយ​ឆ្នាំ​ហើយ​ រឿង​ដែល​ Chris Rock និយាយ​ពាក្យ​លេង​សើច​ចំពោះ​ Jada Pinkett Smith ជ្រុះ​សក់​ ចំណែក​ Will Smith ក៏​បាន​ចេញ​មក​សុំ​ទោស​ជា​សាធារណៈ​ភ្លាមៗ​ដែរ​ ហើយ​រឿង​នេះ​ក៏​មិន​មាន​អ្នក​គេ​ចាប់​អារម្មណ៍​ទៀត​ដែរ​» នេះ​គឺជា​ការ​លើក​ឡើង​រប​ស់​អ្នក​ដែល​មិន​គាំទ្រ​ចំពោះ​ការ​លើក​រឿង​កំប្លែងមិន​ស្គាល់​កាលៈទេសៈ​មក​និយាយ​។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Twitter បាន​រិះគន់​ចំពោះ​ពិធីករ​រូប​នេះ​ថា​​«ពី​មុន​​មក​​ខ្ញុំ​​មិន​​ដែល​​ឃើញ​​អ្នក​​ណា​​លើក​​យក​​រឿង​​ដែល​​មិន​​កំប្លែង​​បែប​​នេះ​សោះ​​ ​ប៉ុន្តែ​​អ្នក​​កំប្លែង​​នៅ​​តែ​​ប្រឹង​យក​​មក​​សម្ដែង​​បន្ត​​លើ​​ឆាក​» «ហេតុអីគាត់​ចូលចិត្ត​យក​រឿង​របស់​ Will Smith មក​កំប្លែង​ម្ល៉េះ? អត់​ប្រយោជន៍» «​កម្មវិធី​ The 2023 Golden Globe អត់បាន​ការ​។ លើក​លែងឱ្យ​ Will smith ទៅ»។

Jerrod Carmichael កើត​នៅ​ឆ្នាំ​១៩៨៧ ក្នុង​គ្រួសារ​អាមេរិក​ដ៏​ក្រីក្រមួយ​ លោក​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយ​សារ​សមត្ថភាព​និយាយ​កំប្លែង​បែបទោល​ ហើយ​ក្រោយ​មក​ទៀត​លោក​បាន​ចូលរួម​សហការ​បង្កើត​កម្មវិធី​កំប្លែង The Carmichael Show បាន​ពីរឆ្នាំ​គឺ​2015-2015។ តារា​រូប​នេះ​មិន​លាក់បាំង​ឡើយ​ថា​ខ្លួន​គឺជា​ហ្គេ ហើយ​លោក​ក៏​ចូលរួម​យ៉ាង​សកម្មភាព​ក្នុង​ចលនា​ទាមទារ​សិទ្ធិ​របស់​ជនជាតិ​ស្បែក​ខ្មៅ​នៅ​អាមេរិក​ផង​ដែរ​៕

Share.