អតីត​ជម្រើស​ជាតិ​អេស្ប៉ាញ Xabi Alonso ដែល​​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​បាល់ទាត់​ Real Sociedad B, Real Sociedad, Eibar, Liverpool, Real Madrid, Bayern Munich ដែល​បាន​ប្រកាស​​ព្យួរស្បែកជើង​​កាល​ពី​ឆ្នាំ​២០១៧ នឹង​ទទួល​ការងារ​ធ្វើ​ជា​អ្នក​ចាត់ការ​ទូទៅ​ក្រុម​បាល់ទាត់ Borussia Mönchengladbach ក្នុង​លីគ​កំពូល​អាល្លឺម៉ង់ ( Bundesliga) ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០២១ តទៅ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន eurosport។


ប្រភព​បាន​បញ្ជាក់​ថាក្រោយ​ពេល​ព្យួរស្បែកជើង​ Xabi Alonso បាន​​បញ្ចប់​ការ​សិក្សា​វគ្គ​គ្រូ​បង្វឹក​កម្រិត UEFA Elite coaching course នៅ​ឆ្នាំ​២០១៨ ហើយ​​បាន​ចូល​ដឹកនាំ​ក្រុម​បាល់ទាត់​យុវជន​ក្រុម Real Madrid នៅ​ប្រទេស​អេស្ប៉ាញ មុន​បន្ត​ទៅ​ដឹកនាំ​ក្រុម​បាល់ទាត់ Real Sociedad B ពី​ខែ​មិថុនា ឆ្នាំ​២០១៩ ក្នុង​ពានរង្វាន់​លំដាប់​ទី២​ប្រចាំ​ប្រទេស​អេស្ប៉ាញ Segunda División B។


ផែនការ​នៃ​ដំណើរ​ទៅ​ដល់​កីឡដ្ឋាន​Borussia-Park របស់ Alonso គឺ​ដោយ​សារ​គ្រូ​បង្វឹក​ចាស់​លោក Marco Rose នឹង​ធ្វើដំណើរ​ទៅ​ដឹកនាំ​ក្រុម Borussia Dortmund នៅ​ដំណាច់​រដូវកាល​ឆ្នាំ​២០២០-២០២១ នេះ។


នេះ​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់ Xabi Alonso នោះ​ទេ​នៅ​លើ​ទឹកដី​អាល្លឺម៉ង់ ព្រោះ​ថា​រូប​គេ​ធ្លាប់​បាន​ឈ្នះ​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​ប្រទេស​នេះ​ចំនួន​៣លើក មក​ហើយ​កាល​ជា​កីឡាករ​នៅ​ក្នុង​ក្លិប​គឺ​ក្នុង​រដួវកាល ២០១៤-១៥, ២០១៥-១៦ និង​២០១៦-១៧ ឈ្នះ​ពានរង្វាន់​ DFB-Pokal នៅ​ឆ្នាំ​២០១៥-១៦ និង​ឈ្នះ​ពាន​DFL-Supercup នៅ​ឆ្នាំ​២០១៦៕

Share.