ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល ជាច្រើនសប្តាហ៍ ពានរង្វាន់បាល់ទាត់យុវជនស្រុកល្វាឯម អាយុក្រោម២២ឆ្នាំ ឆ្នាំ២០២៣ បាន​​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ ដោយ​បាន​ទៅ​ក្រុម យុវជនភូមិទឹកឃ្លាំង ក្រោយ​យកឈ្នះ លើក្រុមបាល់ទាត់យុវជនអធិរាជជ្រោយពិសី ដោយបាល់កាត់សេចក្តី១១ មែត្រ ក្រោយស្នើគ្នា ០-០ ពេញ ៩០នាទី។

ពានរង្វាន់​បាល់ទាត់​ប្រចាំ​ស្រុក​ក្នុង​ខេត្ត​កណ្តាល មួយ​នេះ​មានក្រុមបាល់ទាត់តំណាងឃុំទាំង១៥ មកពីជុំវិញស្រុកល្វាឯម សរុប​មាន១៦ក្រុម។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ថ្មីៗនេះ ក្រោមការអញ្ជើញចូលរួមជាអធិបតីភាព លោកបណ្ឌិត កន សុខកាយ អភិបាល​នៃគណៈអភិបាលស្រុក​ និងលោក​ សែម​ សោត្ថី​ ប្រធានក្រុមប្រឹក្សាស្រុក ផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវនាំគ្នាលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវសុខភាពល្អ ទំនាក់ទំនងល្អ មិត្តភាពល្អ សាមគ្គីភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវបន្តខិតខំរៀនសូត្រ ឱ្យ​ក្លាយ​ជា​ទំពាំងស្នងឬស្សី នៃប្រទេសជាតិយើងនាពេល ខាងមុខ។

លោកបណ្ឌិត បានបន្ថែមថា រដ្ឋបាលស្រុកល្វាឯម និងគណៈកម្មការស្រុកល្វាឯម នឹងរៀបចំ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់មហាជន ប្រចាំស្រុកល្វាឯម មួយ​ទៀត នៅដើមខែមិនា ខាងមុខ នេះ គ្រោងនឹងបិទបញ្ចប់នៅខែឧសភា ឆ្នាំ២០២៣។

លទ្ធផលចំណាត់ថ្នាក់ការប្រកួត៖
• ក្រុមបាល់ទាត់យុវជនភូមិទឹកឃ្លាំង គ្រងជើងឯក (លេខ១)
• ក្រុមបាល់ទាត់អធិរាជជ្រោយពិសី គ្រងជើងឯករង (លេខ២)
• ក្រុមបាល់ទាត់ឃុំសារិកាកែវ (លេខ៣)
• ក្រុមបាល់ទាត់យុវជនឃុំព្រែកឬស្សី (លេខ៤)

រូបភាព៖ រដ្ឋបាលស្រុកល្វាឯម

គួរបញ្ជាក់ថា ការប្រកួតនេះមានកាចូលរួមទូស្សនាផ្តាល់ជាច្រើន ពីសំណាកបងប្អូន សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅស្រុកល្វាឯម ដែលការប្រកួតនេះធ្វើឡើងនៅទីលាន វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្ថិតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល៕

https://t.me/troryorngmedia
Share.