រាត្រីនេះ ក្រុមជម្រើសជាតិ​ថៃ នឹងបើកទ្វាកីឡដ្ឋាន Thammasat ទទួល​ក្រុមជម្រើសជាតិ​វៀតណាម​នៅវគ្គផ្ដាច់ព្រ័ត្រ ជើងទី២ ដើម្បីរក​អ្នកឈ្នះ​គ្រង់ដំណែង​ជើង​ឯកពានរង្វាន់ AFF Mitsubishi Electric Cup 2022។


លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម បាន​និយាយមុនការប្រកួតជើងទី២ វគ្គផ្ដាច់ព្រ័ត្រ រាត្រីនេះថា៖ «ខ្ញុំមានជំនឿថាក្រុមរបស់យើង (ក្រុមជម្រើសជាតិវៀតណាម) នឹងឈ្នះ​ក្រុមជម្រើសជាតិថៃ បន្ទាប់ពីក្រុមទាំងពីរទទួលបានលទ្ធផល ២-២ កាលពីជើងទី១»។

គ្រូ​បង្វឹកវ័យ៦៥ឆ្នាំ សញ្ជាតិកូរ៉េខាងត្បូងរូបនេះបន្ថែម​ថា៖ «ពួកយើងមាន​ទំនុកចិត្ត​ខ្ពស់​ថា​យើង​នឹង​ឈ្នះថៃ ហើយតាមពិតទៅពួកយើងក៏ធ្លាប់យកឈ្នះពួកគេនៅក្នុងដីរបស់ពួកគេដែរ»។

នេះគឺ​ជាដឹក​នាំ​លើកចុងក្រោយរបស់លោក  Park Hang Seo ​ក្នុង​នាម​ជាអ្នកចាត់​ការក្រុម​ជម្រើសជាតិ​វៀត​ណាម ដោយកុងត្រារបស់នឹងផុតកំណត់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ខាងមុននេះ ពោល​គឺ​បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022។

លោក Park Hang Seo បាន​មកដឹកនាំក្រុមដំបូងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយកិច្ចសន្យារយ:ពេល២ឆ្នាំ បន្ទាប់​ពីដឹកនាំបានល្អសហព័ន្ធកីឡាបាល់ទាត់វៀតណាម ក៏​បន្ថែម​កិច្ច​សន្យាថ្មី​ជូន​គាត់​៣ឆ្នាំ​ជាបន្ត​ទៀត រហូតដល់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

គួរដឹងថា កាលពីជើងទី១ ក្រុមជម្រើសជាតិវៀតណាម បានប្រកួតស្មើ ២-២ ជាមួយថៃ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ AFF Mitsubishi Electric Cup 2022 ក្នុងកីឡដ្ឋាន My Dinh ទីក្រុងហានណូយ ប្រទេស​វៀត​ណាម នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ ជើងទី២ នៅរាត្រីនេះ ប្រកួតនៅកីឡដ្ឋាន Thammasat ប្រទេសថៃ វេលាម៉ោង ៧:៣០នាទីតទៅ៕

Share.