ជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លាបានកើតមានឡើងជាថ្មីទៀតនៅតាមសណ្ដរស្ទឹងព្រែកត្នោត និងតំបន់ពាក់ព័ន្ធ បង្កើតបានជាគ្រោះមហន្តរាយដ៏កម្រមួយនាដើមឆ្នាំ២០២៣។ និយាយថាបង្កឡើងដោយគ្រោះធម្មជាតិក៏ពិបាកដែរ ពីព្រោះការផ្ដល់និយមន័យជាទូទៅបានបញ្ជាក់ហើយថាបញ្ហាទាំងឡាយទាំងពួងដែលមនុស្សជាតិកំពុងជួបប្រទះនេះ វាមិនមែនកើតពីធម្មជាតិនោះទេ គឺវាកើតចេញពីទង្វើរបស់មនុស្សលោកនេះឯងដែលនាំឱ្យធម្មជាតិប្រែប្រួលបង្កជាមហន្តរាយឥតឈប់ឈរ។

មហន្តរាយធម្មជាតិគ្រោះទឺកជំនន់នៅស្ទឹងព្រែកត្នោត និងតំបន់ពាក់ព័ន្ធ បានកើតឡើងស្ទើតែរៀងរាល់ឆ្នាំ ហើយវាបានបង្កការលំបាកឥតគណនាទាំងទៅលើពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាល។ បញ្ហាអាកាសធាតុអាក្រក់នេះវាបែបមិនថមថយទេ វាមានតែកើនឡើងពីមួយឆ្នាំទៅមួយៗ។ ជាក់ស្ដែងណាស់ ក្នុងអំឡុងទើបតែដើមរដូវប្រាំងសោះ ភ្លៀងស្រាប់តែធ្លាក់ច្រើនបង្កជាជំនន់ដ៏អាក្រក់ បាក់ផ្ទះសម្បែង លិចលង់ភូមិឋាន លិចច្បារដំណាំ លិចសាលារៀនធ្វើឱ្យក្មេងៗខានរៀនខានសូត្រ។

ក្នុងនាមជានិស្សិតរដ្ឋបាលសាធារណៈមួយរូប នាងខ្ញុំសូមចូលរួមមតិថាបញ្ហាស្ទឹងព្រែកត្នោតនេះ រាជរដ្ឋាភិបាលកម្ពុជានិយាយជារួម និងដោយឡែកសាលារាជធានីភ្នំពេញ និងមន្ទីរសាធារណការ ហាក់ដូចមិនទាន់មានស្នាដៃដុំកំភួនសោះក្នុងការដោះស្រាយបញ្ហានេះ។ និយាយបែបនេះ នាងខ្ញុំថាមានស្នាដៃដែរ តែវាជាស្នាដៃខាងជួយសង្គ្រោះពលរដ្ឋបានទាន់ពេលវេលានៅរៀងរាល់មានជំនន់ ប៉ុន្តែស្នាដៃខាងដោះស្រាយរយៈពេលវែងហាក់ដូចជាស្ថិតក្នុងដំណើរអណ្ដើក មិនត្រូវនឹងស្ថានការណ៍ជាក់ស្ដែងទេ។

នាងខ្ញុំបានអានព័ត៌មាន និងក៏ដឹងដែរថារាជរដ្ឋាភិបាល សាលារាជធានីភ្នំពេញ កំពុងយកចិត្តទុកដាក់ធ្វើការងារនេះហើយ ប៉ុន្តែសម្រាប់នាងខ្ញុំ នាងខ្ញុំយល់ថាស្ថាប័នរដ្ឋសភា ពិសេសគណៈកម្មការជំនាញនៃរដ្ឋសភាដែលមានតួនាទីពាក់ព័ន្ធនឹងការងារសាធារណៈការ ធនធានទឹក ជាដើមនោះ គួរតែបញ្ចេញសកម្មភាពខ្លះផង។ ច្បាប់បានបើកផ្លូវហើយឱ្យសភាឬគណៈកម្មការជំនាញ ឬក្រុមអ្នកតំណាងរាស្រ្ត អញ្ជើញតំណាងរាជរដ្ឋាភិបាល ឬឥស្សរជនពាក់ព័ន្ធមកសួរនាំ ដើម្បីរួមគ្នាដោះស្រាយបញ្ហាជូនពលរដ្ឋ។

នាងខ្ញុំយល់ឃើញថារដ្ឋសភាយើងនេះ ដល់តែម្នាក់ឯងពេកទៅ ដូចជាចង់សុខស្រួលពេកហើយ គួរតែបង្កើនសកម្មភាពចូលរួមជួយរាជរដ្ឋាភិបាលផង ព្រោះបក្សតែមួយទេ។ នាងខ្ញុំសូមទោស សូមកុំធ្វើការតាមប្រពៃណីសភា សូមធ្វើការតាមភាពជាក់ស្ដែងរបស់ពលរដ្ឋផង។ នាងខ្ញុំនិយាយត្រង់ នាងខ្ញុំហត់ណាស់ និងលួចជ្រេញផង នៅពេលស្ដាប់សភាធ្វើរបាយការណ៍សកម្មភាពអ្នកតំណាងរាស្រ្តធ្វើនេះ​ធ្វើនោះប្រចាំឆ្នាំងម្ដងៗ។ សូមជម្រុះចោលទៅ របៀបធ្វើការងារបែបពិធីការនិយម។

ត្រឡប់មករឿងជំនន់ស្ទឹងព្រែកត្នោតវិញ ឥលូវស្ថានភាពវាហាក់ដូចធូរស្បើយហើយ ក្រោយពីទឹកផ្នែកខាងលើបាស្រកចុះបណ្ដើរៗ។ ប៉ុន្តែមិនមែនមានន័យថាបញ្ហានឹងចប់នោះទេ ពោលគឺភាគបន្តនៃបញ្ហានេះ នៅរង់ចាំថ្ងៃចេញផ្សាយទៀត ហើយពលរដ្ឋត្រៀមតែបង្វិចរត់ទៀតទៅនៅពេលរដូវវស្សាមកដល់។ រដ្ឋមន្រ្តីសាធារណៈការ និងអភិបាលរាជធានីភ្នំពេញ ដូរប៉ុន្មាននាក់ហើយ នៅឡើយតែលោកប្រធានមន្ទីរទេ បើគ្មានសមត្ថភាពដោះស្រាយបញ្ហានេះ ល្មមឱ្យអ្នកថ្មីគេធ្វើម្ដងទៅ មន្ទីររបស់រដ្ឋមិនមែនទ្រព្យពីដូនតាទេ កូនចៅលោកអាចចេះជាងលោកក៏ថាបាន។

នាងខ្ញុំសង្ឃឹមថាអត្ថបទនេះ នឹងត្រូវបានអានដោយអ្នកតំណាងរាស្រ្តដែលជាតំណាងរបស់ពួកនាងខ្ញុំ ហើយមិនមែននាងខ្ញុំអញ្ជើញឱ្យមកធ្វើតំណាងទេ គឺពួកនាងខ្ញុំខំបោះឆ្នោតឱ្យ។ ខ្ញុំបោះឆ្នោតឱ្យនេះ ក៏មិនមែនដើម្បីអស់លោកពេកនោះដែរ ព្រោះខ្លះខ្ញុំមិនស្គាល់មុខផង។ នាងខ្ញុំស្រលាញ់គណបក្សប្រជាជន គោរពស្រលាញ់ការដឹកនាំរបស់សម្ដេចពុក ហ៊ុន សែន និងថ្នាក់ដឹកនាំល្អៗផ្សេងទៀត ទើបបន្តគាំទ្រ។ នាងខ្ញុំសង្ឃឹមថានៅក្នុងអាណត្តិ២០២៣ខាងមុខនេះ បញ្ហាស្ទឹងព្រែកត្នោតនឹងអាចត្រូវបញ្ចប់…៕

នាងខ្ញុំ រចនា និស្សិតRULE ជំនាញរដ្ឋបាលសាធារណៈ

Share.