ពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 បានបញ្ចប់ ​ក្រុមជម្រើសជាតិ​ថៃ​បាន​ក្លាយ​ជា​ជើង​ឯក​លើក​ទី៧ ​ច្រើន​ជាង​គេប្រចាំតំបន់អាស៊ាន ក្រោយយកឈ្នះវៀតណាម នៅជើងទី២ ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Thammasat នារាត្រីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ខណ:ជើងទី១ ស្មើគ្នា ២-២ ដូច្នេះសរុបទាំងពីរជើង (ថៃឈ្នះ ៣-២)។

ខណ:ខ្សែប្រយុទ្ធ Teerasil Dangda ថៃ និង Nguyễn Tiến Linh វៀតណាម បាន​ជាប់ឈ្មោះក្នុងបញ្ជី Top Scorers ក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ សរុប៦គ្រាប់ ដូចគ្នា ទទួល​បាន​ទឹក​ប្រាក់ ៥ ០០០ដុល្លារ។

ចំណែកម្ចាស់ពានកីឡាករឆ្នើម (Man of The Match) និងទទួល​បាន MVP Award ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នេះ​គឺប្រធានក្រុមថៃកីឡាករ Theerathon Bunmathan ដែល​ជា​អ្នក​រក​គ្រាប់​បាល់ជ័យ​ជម្នះ​ឲ្យ​ក្រុម​ថៃ ទទួល​បាន​ទឹក​ប្រាក់ ១០ ០០០ដុល្លារ។

ក្រោយឈ្នះវៀតណាម ធ្វើឲ្យក្រុមជម្រើសជាតិថៃ ក្លាយជាក្រុមឈ្នះ​ជើងឯក​ពានរង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន នេះបានច្រើនជាងគេ រហូតដល់ទៅ៧លើក (១៩៩៦,២០០០,២០០២,២០១៤,​២០១៦,២០២០,​២០២២) ហើយសិង្ហបុរី ឈ្នះបាន៤លើក (១៩៩៨,២០០៤,២០០៧,២០១២) វៀតណាម ឈ្នះ២លើក (២០០៨,២០១៨) និងម៉ាឡេស៊ី ឈ្នះបាន១លើក (២០១០)។ រីឯក្រុមឥណ្ឌូណេស៊ី ឡើង​វគ្គផ្ដាច់ព្រ័ត្រ​សរុប៦លើក តែបរាជ័យរហូត៕

Share.