នៅ​ក្នុង​ពិធី​បិទ​ពានរង្វាន់ បាល់ទាត់ប្រចាំតំបនអាស៊ាន AFF Mitsubishi Electric Cup ២០២២ ថ្មីៗនេះ នៅ​ប្រទេស​ថៃ គេ​ឃើញ​វត្តមានរបស់លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក៏បានអញ្ជើញចូលរួមប្រគល់ពានរង្វាន់​ដល់​ក្រុម​ជ័យលាភី។

ឯកឧត្តម ខៀវ សាម៉េត ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន និង​ជា​អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​​ប្រាប់​សារព័ត៌មាន​ត្រយង ថា៖«លោក Gianni Infantino គាត់​បាន​រំលឹក​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជា​ពិសេស​ក្រុម​លេច​ធ្លោ ដូចជា​ ថៃ វៀតណាម ដែល​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​នេះ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ដណ្តើម​កៅអី​ឡើង​ទៅ​លេង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក FIFA World Cup 2026 ដែល​ធ្វើ​ឡើង​នៅ​សហម្ចាស់ផ្ទះ អាមេរិក កាណាដា និង​ម៉ិចស៊ីកូ»។

ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​តែ​ឥណ្ឌូណេស៊ី ប៉ុណ្ណោះ ដែល​ធ្លាប់​​​ឈាន​ជើង​ទៅ​​ប្រកួត World Cup តាំង​ពី​ឆ្នាំ ១៩៣៨ ចំនួន១លើក ប៉ុន្តែ​កាល​នោះ​មាន​ឱកាស​ទៅ​ប្រកួត​ក្នុង​នាម​ជា​ប្រទេស​ក្រោម​អាណានិគម​របស់​ហុល្លង់ (Dutch East Indies)។

នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​ប្រធាន​ FIFA ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​បុរស​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន នេះ ខណៈ​កាល​ពី​​ឆ្នាំ​២០២២ ថ្មី​ៗនេះ​លោក​បាន​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី ក្រោយ​មាន​ករណី​រត់ជាន់​​គ្នា​នៅ​កីឡដ្ឋាន ​Stadion Kanjuruhan ក្នុង​ទីក្រុង​ Malang អំឡុងពេល​​ប្រកួត​រវាង​​ក្នុង​ពានរង្វាន់ Liga 1 របស់​ឥណ្ឌូណេស៊ី រវាង​ក្រុម​ម្ចាស់​ផ្ទះ​​Arema FC ទល់នឹង Persebaya Surabaya រហូត​សម្លាប់​មនុស្ស​ដល់​ទៅ​១៧៤នាក់និង​អ្នក​របួស​រហូត​ដល់​៣២៣នាក់ ក្រោយ​ការ​រត់ជាន់គ្នា និង​មាន​ការ​បង្រ្កាប។

គួរឲ្យដឹងថា ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​ថៃ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​នៃ AFF Mitsubishi Electric Cup ២០២២ ក្រោយ​យក​ឈ្នះ​វៀតណាម នៅ​​ជើង​ទី២ ​ក្នុង​លទ្ធផល ១-០ លើ​ទីលាន​កីឡដ្ឋាន Thammasat ប្រទេស​ថៃ នា​រាត្រី​ថ្ងៃ​ចន្ទ ទី១៦ ខែមករា ឆ្នាំ​២០២២ ថ្មីៗនេះ ខណ:​​កាល​ពី​ជើង​ទី​១ ​នៅ​ទីក្រុង​ហាណូយ ក្រុម​ទាំង​២​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២។ ដូច្នេះ​សរុប​ទាំង​២ ​ជើង ថៃ​ឈ្នះ​វៀតណាម ៣-២៕

Share.