អតីត​សមាជិក​របស់​​ក្រុម​បាល់ទាត់ Manchester United មួយ​រូប បាន​ធ្វើដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប របស់​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ ជាមួយ​នឹង​គម្រោង​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA)។

នៅក្នុងកម្មវិធីពិធីរៀបចំកម្មវិធីសម្ភោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់រាជធានីខេត្តទាំង២៥ ក្នុង​ខេត្ត​សៀមរាប ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា គេ​សង្កេត​ឃើញ​មាន​វត្តមាន​របស់​លោក Wes Brown អតីតកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេស ក៏​ដូចជា​​ធ្លាប់​ប្រកប​អាជីព​​នៅ​ក្រុម Man Utd, Sunderland និង Blackburn Rovers របស់​អង់គ្លេស។

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

សារព័ត៌មាន​ត្រយង សូម​លើក​យក​ប្រវត្តិរបស់លោក Wes Brown ជូន​ប្រិយមិត្ត​ជ្រាប៖
*ក្លិបអាជីព៖
-ឆ្នាំ១៩៩៦ លោក Wes Brown បានចូលរួមនៅក្លិបបាល់ទាត់ដ៏ល្បីរបស់ប្រទេសអង់គ្លេល Manchester United ដល់ឆ្នាំ២០១១ ពោលគឺបានចំនួន ១៨សម័យកាល ដោយបានបង្ហាញខ្លួនសរុប ២៣២ប្រកួត និងរកបាន ៣គ្រាប់ ក្នុងនាមជាខ្សែការពារ។
-ឆ្នាំ២០១១ អតីតកីឡាកររបស់ក្រុមបីសាចក្រហម រូបនេះបានទៅចូលរួមលេងឲ្យក្រុម Sunderland បានចំនួន ៥រដូវកាល ពោលគឺដល់ឆ្នាំ២០១៦ ដោយបានបង្ហាញខ្លួនសរុបចំនួន ៧៦ប្រកួត និងរកបាន ១គ្រាប់ទៀតផង។
-ឆ្នាំ២០១៦ លោក Wes Brown បានទៅចូលរួមនៅក្លិប Blackburn Rovers បានតែ ១រដូវកាល តែប៉ុណ្ណោះ គឺដល់ឆ្នាំ២០១៧ ដោយបានបង្ហាញខ្លួនសរុប ចំនួន ៥ប្រកួត និងជួយរកគ្រាប់បាល់បាន ១គ្រាប់។
-ឆ្នាំ២០១៧ លោក Wes Brown បានធ្វើដំណើរទៅចូលរួមក្លិបនៅតំបនអាស៊ី គឺក្លិបKerala Blasters ដែលជាក្លិបចុងក្រោយរបស់លោក Wes Brown ប្រកបអាជីបបាល់ទាត់របស់គាត់ ពោលគឺបាន ១រដូវកាល ដោយបានបង្ហាញខ្លួន ១៤ប្រកួត និងរកគ្រាប់បាល់បានចំនួន ១គ្រាប់ទៀតផង។
*ក្រុមជម្រើសជាតិ
នៅឆ្នាំ១៩៩៩ លោក Wes Brown បានចូលរួមឲ្យក្រុមជម្រើសជាតិអង់គ្លេល ដោយបានបង្ហាញខ្លួនឲ្យក្រុមតោកំណាចអង់គ្លេល នេះ បានចំនួន ២៣ប្រកួត និងរកបាន១គ្រាប់ក្នុងនាមជាខ្សែការពារ រហូតដល់ឆ្នាំ២០១១ ទើប Wes Brown សម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។

គួរឲ្យដឹងថា លោក Wes Brown គឺជាអតីតកីឡាករបរទេស ដំបូងគេដែលឈានជើងមកដល់ទឹកដីនៃប្រទេសកម្ពុជា គិតនៅឆ្នាំ២០២៣ នេះ បន្ទាប់ពី លោក Christian Karembeu អតីតកីឡាររបស់ក្រុមជម្រើសជាតិបារាំង ដែលធ្លាប់បានមកដល់ប្រទេសកម្ពុជា ក្នុងកម្មពិធី ដង្ហែលពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup មកកាន់ទឹកដីកម្ពុជា មុនព្រឹត្តិការណ៏ World Cup ឆ្នាំ២០២២ នៅប្រទេសកាតារ កន្លងទៅ។

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
Share.