យោងតាមការចុះផ្សាយរបស់ Marca សារព័ត៌មានអេស្ប៉ាញ បានចុះផ្សាយថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹង​ដើរតួជា​ប្រធាន​ក្រុមអារ៉ាប៊ីសាអូឌីត All-Star ក្នុងជំនួបមិត្តភាពអន្តរជាតិ ទល់នឹងជើងខ្លាំង PSG លើទឹកដី​​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ថ្ងៃទី​១៩ ខែមករា វេលាម៉ោង ១២:០០ នាទីយប់ ក្នុងកីឡដ្ឋាន King Fahd International Stadium។

ចាប់តាំងពីខ្សែប្រយុទ្ធ Cristiano Ronaldo ​ផ្លាស់​មកកាន់ Saudi Professional League ឬ Saudi Pro League ​លី​គ​កំពូលរបស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត គ្រប់គ្នានៅមិនទាន់ឃើញកីឡាករវ័យ ៣៧ឆ្នាំរូបនេះបង្ហាញខ្លួននៅឡើយនោះទេ។

មូលហេតុដែល Ronaldo មិនទាន់អាចបង្ហាញខ្លួនឲ្យក្លិប Al Nassr បានគឺដោយសារតែ​សហព័ន្ធ​បាល់ទាត់​អង់គ្លេសហៅកាត់ថា «FA» ​ពិន័យចំនួន២ប្រកួត ត្រង់ចំណុច CR7 បោកទូរសព្ទអ្នកគាំទ្រវ័យក្មេងម្នាក់របស់ក្លិប Everton ពេលដើរចេញពីទីលាន Goodison Park កាលពី​ខែមេសា ឆ្នាំ​២០២២​។​

យ៉ាងណាមិញ Ronaldo ​ត្រូវបាន​គេ​រំពឹងថា​នឹងអាចបង្ហាញខ្លួនលើកដំបូងក្នុងនាមជាប្រធានក្រុម (Saudi All-Star XI) ទល់នឹង PSG ក្នុងជំនួប​មិត្តភាព «ដំណើរទេសចរណ៍បែបប្រពៃណីក្នុងរដូវរងា – Traditional Winter Tour» ដែលជាការ​រៀបចំឡើង​បញ្ចូល​គ្នា​ដោយ​កីឡាករ​មកពី​ក្លិប Al Nassr និង​ក្លិប Al Hilal ក្នុង​ទីក្រុង Riyadh នៅ​ថ្ងៃទី​១៩ ខែមករា ខាងមុខនេះ​។

ដូច្នេះ Lionel Messi សមាជិករបស់ Paris Saint-Germain ប៉ះគ្នាជាមួយ Cristiano Ronaldo សមាជិករបស់ក្រុមរួមបញ្ចូលគ្នារវាង Al Nassr និង Al Hilal ច្បាស់ជាកក្រើតនៅទឹកដីអា​រ៉ា​ប៊ី​សា​អូឌីត ជាក់ជាមិនខាន ហើយនេះក៏អាចជាការប៉ះគ្នាលើកចុងក្រោយផងដែរ។

ក្រៅពីនេះក្លិបបាល់ទាត់ Al Hilal ដែលមានម្ចាស់ក្លិបជាខ្សែរាជវង្ស គឺព្រះអង្គម្ចាស់អារ៉ាប់ Abdulrahman Bin Saeed គ្រោងនឹងចំណាយលើសអ្វីដែល Al Nassr ផ្តល់ជូន Cristiano Ronaldo គុណនឹង២ ពោលគឺ Messi នឹងទទួលបានថ្លៃនឿយហត់១ឆ្នាំ ៣០០លានអឺរ៉ូ បើសិនស៊ីញេ​កុងត្រាចូលក្រុមអារ៉ាប៊ីសាអូឌីតមួយនេះ។ យោងតាមការចុះផ្សាយរបស់ Mundo Deportivo សារព័ត៌មានរបស់ប្រទេសអេស្ប៉ាញ៕

Share.