អតីត​អាជ្ញាកណ្ដាល​ FIFA កម្ពុជា​ លោក​ លឹម​ ប៊ុនធឿន​ ស្ថិតក្នុងចំណោមកីឡាករទាំង៣០នាក់ ដែលបានជាប់ក្នុងការធ្វើតេស្តក្លាយជាកីឡាកររបស់ក្លិបកីឡាសន្តិភាព ដើម្បីចូលរួមក្នុងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) តំណាងអោយខេត្តកំពង់ធំ។

ក្នុងនោះលោក លឹម ប៊ុនធឿន នឹងលេងតួនាទីជាខ្សែបម្រើ ឱ្យក្លិបកីឡាសន្តិភាព ក្រោយប្រកាសចូលនិវត្តន៍ ពីអាជីពជាអាជ្ញាកណ្ដាល​របស់ FIFA នៅលើឆាកអន្តរជាតិ។ នេះបើយោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក លឹម​ ប៊ុនធឿន (Lim Bunthoeun) កាល​ពី​ពេល​ថ្មីៗ។ លោក​សរសេរថា៖«ការប្រកួតអន្តរជាតិចុងក្រោយដែលត្រូវចូលនិវត្តន៍ពី FIFA អរគុណ FFC និងនាយកដ្ឋានអាជ្ញាកណ្តាល»។

លោក លឹម ប៊ុនធឿន ជាប់​ឈ្មោះ​​ក្នុង​បញ្ជី​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​​ឆ្នាំ ២០១៥ ដែល​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) ជាមួយ លោក ទុយ វិច្ឆិកា និង លោក ថោង ច័ន្ទកិត្យា។

រឿង​ដែល​ជាប់​ក្នុង​កំណត់ត្រា​អាជ្ញាកណ្តាល​​កម្រិត​ទ្វីប​អាស៊ី នោះ​លោក ជា​អាជ្ញាកណ្តាល​ម្នាក់​ក្នុង​ចំណោម​៣នាក់​របស់​កម្ពុជា ដែល​បាន​ជាន់​ទីលាន​នៃ​ការ​ប្រកួត​ពានរង្វាន់​កម្រិត​ខ្ពស់ AFC Champios League បន្ទាប់​ពី​លោក ថោង ច័ន្ទកិត្យា និង ទុយ វិច្ឆិកា។

សម្រាប់លោក លឹម ប៊ុនធឿន បាន​ជាប់ឈ្មោះជាមន្រ្តីអាជ្ញាកណ្តាលទី៤ ក្នុងពានរង្វាន់ AFC Champions League និង AFC Cup កាលពីឆ្នាំ ២០១៧។ ក្រៅពីនោះ​បុរស​​វ័យ​៤២​ឆ្នាំ​រូប​នេះ ក៏ធ្លាប់កាត់សេចក្តីនៅ​កីឡដ្ឋាន New Laos National Stadium ក្នុង​ទីក្រុង​វៀងចន្ទន៍ ជំនួបមិត្តភាពអន្តរជាតិរវាង​ម្ចាស់​ផ្ទះ​ ឡាវ ប៉ះ អាហ្វហ្គានីស្ថាន កាលពីឆ្នាំ ២០១៥។

គួរដឹងថាម្ចាស់ជើងឯកពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត) គឺក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ក្រោយយកឈ្នះឧត្តរមានជ័យ ក្នុងលទ្ធផល ១-០ ខណ:ខេត្តកោះកុង ម្ចាស់ជើងឯកឆ្នាំ២០២១, ខេត្ត​ព្រៃរែង ម្ចាស់ជើងឯកឆ្នាំ២០២០ និង ខេត្ត​ត្បូង​ឃ្មុំ ម្ចាស់ជើងឯកឆ្នាំ២០១៩។

សម្រាប់​ក្រុម​បាល់ទាត់​សន្តិភាព​កំពង់ធំ ក្នុង​រដូវកាល​ឆ្នាំ​២០២២ កន្លង​ទៅ​ក្នុង​ពានរង្វាន់បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ជើង​ឯក​ថ្នាក់​ខេត្ត​ ជា​ក្រុម​លេខ១​ក្នុង​ពូល D ក្រោយ​ប្រកួត​ឈ្នះ​៣លើក និង​​ស្មើ​៣លើក ដឹក​ដៃ​ក្រុម​អធិរាជ​ដំរី​ឦសាន​ ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ តែ​ចាញ់​ក្រុម​​​ជើង​ឯក​រង​​ឧត្តរមានជ័យ នៅ​វគ្គ​នេះ​ដោយ​បាល់​ប៉េណាំង​ទី​កាត់​សេចក្តី​៤-៣ ក្រោយ​ប្រកួត​ស្មើ​គ្នា​ទាំង​២ជើង ២-២។

Share.