យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្ស ៦នាក់ស្លាប់ ក្នុងនោះមានកុមារ ៣នាក់ បានស្លាប់ បន្ទាប់ពីបំពង់ករបស់ពួកគេត្រូវបានទាក់រុំដោយខ្សែខ្លែង ក្នុងពិធីបុណ្យមួយនៅក្នុងរដ្ឋ Gujarat របស់ប្រទេស ឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ១៨ ខែ មករា ឆ្នាំ ២០២៣។

ឧប្បត្តិហេតុនេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងកាលពីចុងសប្ដាហ៍មុន នៅពេលដែលហ្វូងមនុស្សជាច្រើនបានមកចូលរួមក្នុងពិធីបុណ្យខ្លែងអន្តរជាតិនៅក្នុងរដ្ឋ Gujarat។

ខ្សែខ្លែងម្យ៉ាងដែលស្រោបដោយកញ្ចក់ ដែលគេស្គាល់ឈ្មោះថា Manjha គឺជាមូលហេតុចម្បងនៃឧប្បត្តិហេតុនេះ ហើយខ្សែនេះគឺមានលក់ និង រកទិញបានយ៉ាងងាយស្រួល ទោះបីជាខ្សែប្រភេទនេះគែបានហាមឃាត់មិនឲ្យប្រើប្រាស់យ៉ាងណាក៏ដោយ។

សារព័ត៌មានក្នុងស្រុក Press Trust of India (PTI) បានរាយការណ៍ថា ខ្លែងទាំងនោះបានជាប់ជុំវិញករបស់ជនរងគ្រោះ បណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរ និង បាត់បង់ជីវិត។

ក្មេងស្រីរងគ្រោះត្រូវបានគេរាយការណ៍ថា ជាក្មេងស្រីអាយុ ២ឆ្នាំ ដោយករបស់នាងត្រូវបានកាត់ផ្ដាច់ដោយខ្សែខ្លែង នៅពេលដែលនាងកំពុងជិះកង់ជាមួយឪពុករបស់នាងនៅក្នុងទីក្រុង Bhavnagar។ មន្រ្តីប៉ូលីសឥណ្ឌាម្នាក់បាននិយាយថា នាងបានស្លាប់នៅក្នុងមន្ទីរពេទ្យ។

ក្នុងករណីមួយទៀត គឺកើតឡើងលើកុមារីអាយុ ៣ឆ្នាំម្នាក់ បានស្លាប់នៅពេលដើរទៅផ្ទះជាមួយម្ដាយក្នុងទីក្រុង Visnagar។ សារព័ត៌មាន PTI បានរាយការណ៍ថា នាងបានស្លាប់នៅពេលបញ្ចូនមកដល់មន្ទីរពេទ្យ។

ដោយឡែក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ទៀត ក៏បានស្លាប់ដែរ បន្ទាប់ពីបពង់ក៏របស់ក្មេងប្រុសនេះ ត្រូវខ្សែខ្លែងទាក់នៅពេលកំពុងជិះកង់ជាមួយឪពុកម្ដាយរបស់គេ ហើយបុរស៣នាក់ទៀតក៏បានស្លាប់ផងដែរ។

យោងតាមសេវាសង្រ្គោះបន្ទាន់បានឲ្យដឹងថា ខ្សែប្រភេទនេះក៏បានសម្លាប់ និង បំផ្លាញសត្វស្លាបរាប់រយក្បាលជារៀងរាល់ឆ្នាំផងដែរ។ យ៉ាងហោចណាស់​សត្វចំនួន ៥០០ក្បាល ត្រូវបានបញ្ចូលទៅកាន់មន្ទីរពេទ្យបក្សីសប្បុរសនៅក្នុងទីក្រុង Delhi ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ។ យ៉ាងណាម៉ិញ ខាងមន្ទីរពេទ្យបក្សីសប្បុរសបានឲ្យដឹងថា ក្នុង១ឆ្នាំ មានសត្វបក្សីរហូតដល់ ៨,០០០ក្បាលហើយ ដែលខាងមន្ទីរពេទ្យរបស់ខ្លួនព្យាបាលដោយសារតែឧប្បត្តិហេតុបែបនេះ៕

ប្រភព៖ CNA

Share.