ត្បូងឃ្មុំ៖ ទីលាននិងសាលាតម្រង់ទិសកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ បានសម្ពោធជាផ្លូវការហើយ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើននាថ្ងៃអនាគត។ ពិធីសម្ភោធនេះ ធ្វើ​ឡើង​ដោយ​មាន​ការ​ជអញ្ជើញជាអធិបតីភាពពីឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង​នៃគណៈ​អភិបាល​ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ នៅបរិវេណសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ស្រុកមេមត់ ។

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង​កីឡាបង្ហាញ​ការកោត​សរសើរ និង​វាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ទីរអប់រំយុវជន និងកីឡា និង​អាជ្ញាធរ​រាជធានី ខេត្ដ ទាំង២៥ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តគំនិតផ្តួចផ្តើម គម្រោង​អភិវឌ្ឍន៍សាលា តម្រង់ទិសកីឡាបាល់ទាត់រាជធានី ខេត្តមួយ សាលាតម្រង់ទិស​កីឡាបាល់ទាត់​មួយ នៅកម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និង​កីឡា ព្រមទាំងមានការគាំទ្រពីរាជធានី-ខេត្ត និងការឧបត្ថម្ភ និង​គាំទ្រថវិកា​ពីសហព័ន្ធកីឡា​បាល់ទាត់​អន្តរជាតិ (FIFA) ។

សាលាតម្រង់ទិសកីឡាបាល់ទាត់ផ្តល់សារៈប្រយោជន៍ជាច្រើនដល់សង្គម និងផ្តល់ឱកាស​ដល់​យុវជន​កម្ពុជាយើងមានសេចក្តីសង្ឃឹមនាពេលអនាគត គឺចេះ​លេងកីឡា​បាល់ទាត់​បាន​ត្រឹម​ត្រូវ​តាមក្បួនខ្នាត​និងបច្ចេកទេស ព្រមទាំងទទួលបានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ក្រៅ​ពីទទួល​បានពុទ្ធិពីសាលារៀន ការបង្កើតទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងអប់រំឱ្យចេះរួមរស់ជាក្រុម និង​រួមចំណែកកាត់បន្ថយភាពអសកម្មក្នុងសង្គម ។

នាឱកាសនោះដែរ ឯកឧត្តម ឯកឧត្តម កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តំណាង​ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធបានគូសបញ្ជាក់ដែរថា សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា​បានចូលជាសមាជិកសហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA) តាំងពីឆ្នាំ១៩៣៣មកម៉្លេះ បើ​គិត​មក​ដល់ពេល នេះមានរយៈពេល៩០ឆ្នាំមកហើយ សហព័ន្ធបាល់ទាត់​អន្តរជាតិ​តែង​តែគាំទ្រយ៉ាង​យកចិត្ត​ទុកដាក់លើការអភិវឌ្ឍបាល់ទាត់គ្រប់កម្រិតដោយក្នុងនោះ រួមមាន​ការឧបត្ថម្ភ​លើផ្នែក​ហិរញ្ញវត្ថុ ផ្នែកបច្ចេកទេសការងាររដ្ឋបាល វគ្គបណ្តុះបណ្ដាលផ្សេងៗ និង​សហការ​ជាមួយសហព័ន្ធ​កីឡាបាល់ទាត់កម្ពុជាក្នុងការសាងសង់ទីលានបាល់ទាត់ស្មៅធម្មជាតិទូទាំង២៥ រាជធានី-ខេត្តក្នុងប្រទេសកម្ពុជាដែល​ជាផ្នែកមួយក្នុង​ការបំផុសបំផុលវិស័យបាល់ទាត់​នៅក្នុង​ប្រទេសកម្ពុជា​ឱ្យកាន់តែរីកចម្រើនឡើង ដើម្បីចូលរួមយ៉ាងសកម្មក្នុង​ការប្រកួតប្រជែង​ពានរង្វាន់​បាល់ទាត់​នៅក្នុង​ឆាកអន្តរជាតិ។

ជាមួយគ្នានោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា តំណាងឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំ បានអំពាវនាវ​ដល់​គ្រប់​មជ្ឍដ្ឋាន​ទាំងអស់នៅទូទាំងប្រទេសនិយាយជារួម ពិសេសនៅខេត្តត្បូងឃ្មុំទាំងមូល ចូលរួម​ផ្សព្វផ្សាយ​យុទ្ធនាការនេះបានយ៉ាងទូលំទូលាយ និងគាំទ្រការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យបានផុលផុស និងទទួលជោគជ័យ ។ តមកគណប្រតិភូខេត្ត ក៏បានកាត់ខ្សែបូសម្ពោធទីលាន និង​សាលា​តម្រង់​ទិស​កីឡាបាល់ទាត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាផ្លូវការ និងទូទាំង ២៥ រាជធានី/ខេត្ត ៕

Share.