បាត់ដំបង÷ បាក់ស្រុតប្រមាណ ១០០ម៉ែត្រផ្លូវមាត់ស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង អាជ្ញាធរផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននូវយាន្តយន្តគ្រប់ប្រភេទ។

ប្រភពនៅទីតាំងកើតហេតុបានប្រាប់ឲ្យដឹងថា កំណាត់ផ្លូវប្របមាត់សង្កែនេះបានបាក់ស្រុតនៅវេលាម៉ោងជាង ១០: ០០នាទីយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ ប៉ុន្តែរថយន្តតូចៗអាចឆ្លងកាត់បាន លុះព្រឹកឡើងថ្ងៃទី ២០ ខែមករានេះស្ថានភាពបាក់ស្រុតមានសភាពកាន់ធ្ងន់ធ្ងរអាជ្ញាធរ និងសមត្ថកិច្ចបានបិទដោយហាមមិនឲ្យមានការធ្វើចរាចរណ៍យានយន្តឆ្លងកាត់ទាំងស្រុងតែម្តង។

កំណាត់ផ្លូវបាក់ស្រុតយ៉ាងខ្លាំងនេះមានប្រវែងបណ្តោយប្រមាណជា ១០០ម៉ត្រឋិតនៅប៉ែកខាងកើតទល់មុខភោជនីយដ្ឋានអាស៊ានបៀរ ក្នុងភូមិរំចេក ៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពលរដ្ឋខាងលើបន្ថែមថា÷ បញ្ហាបាក់ស្រុតផ្លូវប្របមាត់ស្ទឹងបានកើតឡើងស្របពេលដែលមន្រ្តីបើកការដ្ឋានជីកចាក់គ្រឹះសាងសង់ច្រាំងស្ទឹងឲ្យរឹងមាំ និងឲ្យមានសោភ័ណភាព ក៏ស្រាប់តែស្រុតទ្រង់ទ្រាយធំទាំងយប់តែម្តង៕

អត្ថបទ៖​ ដំបងក្រញូង

Share.