ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្រោមការដឹកនាំរបស់លោក Jesús Casas បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ Arabian Gulf Cup រដូវកាល ២០២៣ ក្រោយយកឈ្នះ អូម៉ង់ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-២ នៅពហុកីឡដ្ឋានជាតិ Basra កាលពីថ្ងៃទី១៩ ខែមករា ម្សិលមិញនេះ។

នេះគឺជាការឈ្នះជើងឯក Arabian Gulf Cup លើកដំបូងរបស់ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្រោយខកខានអស់រយ:៣៥ឆ្នាំ ពោលគឺឈ្នះលើកចុងក្រោយនៅឆ្នាំ ១៩៨៨ លើក្រុមបារ៉ែន ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន King Fahd របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Soccer Iraq លើគណនី Twitter បានឲ្យដឹងថាកីឡាករទាំងអស់របស់ក្រុមជម្រើសជាតិអ៊ីរ៉ាក់ នឹងទទួលបាន​ឡានម្នាក់១គ្រឿង ជារង្វាន់លើកទឹកចិត្ត ក្រោយឈ្នះពាន Arabian Gulf Cup រដូវកាល ២០២៣។

ចំពោះហេតុការណ៍មុនវគ្គផ្តាច់ព្រ័ត្រ Arabian Gulf Cup ២០២៣ គេរកឃើញថាមានមនុស្ស២នាក់ស្លាប់ និង៨០នាក់រងរបួស នៅក្នុងហេតុការរត់ជាន់គ្នានៅកីឡដ្ឋានមួយក្នុងទីក្រុង Basra ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera English។

គួរដឹងថាពានរង្វាន់ Arabian Gulf Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៧០ មាន៨ប្រទេសជាសមាជិក ដោយក្រុមជម្រើសជាតិគុយវ៉ែត ឈ្នះច្រើនជាងគេសរុប១០លើក, អ៊ីរ៉ាក់ ៤លើក, អារ៉ាប៊ីសាអូឌីត និង កាតា ៣លើកដូចគ្នា, អារ៉ាប់រួម និងអូម៉ង់ ២លើកដូចគ្នា, បារ៉ែន ១លើក ខណ:យេម៉ែន មិនដែលឈ្នះម្តងណាឡើយ៕

Share.