នៅព្រឹក​ថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើ​ពិធី​បិទ​វគ្គ​បណ្ដុះ បណ្ដាល​ប្រព័ន្ធ Volleyball Information System (VIS) និង E-Scoresheet Computer Program បន្ទាប់​ពី​បាន​សិក្សា​អស់​រយ:ពេល​៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៦ ដល់​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ដល់​មន្ត្រី​បច្ចេក​ទេស​ចំនួន ២៥រូប ស្រីចំនួន ៨នាក់ មកពីមន្ទីរអបរំ យុវជន និងកីឡារាជធានី-ខេត្ត នាយក​ដ្ឋាន​អបរំកាយ និងកីឡា, នាយកដ្ឋានអបរំកាយ សិស្សនិស្សិត, នាយកដ្ឋាន​រៀប​ចំ និងព្រឹត្តិការណ៍​កីឡា និងវិទ្យាស្ថាន​អបរំកាយ និងកីឡា។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា និង​ជាអនុ​ប្រធានសហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា៖ «​ការបើក​វគ្គ​បណ្ដុះ បណ្ដាល​ប្រព័ន្ធបច្ចេកវិទ្យា​នេះ នឹងរៀបចំ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​សហព័ន្ធ និង​ជំរុញ​ឲ្យ​មាន​ការ​បណ្ដុះ​បណ្ដាល​នៅ​តាម​បណ្ដាខេត្ត​ផងដែរ ជាពិសេស​សិក្ខាកាម​ជា​នារី​ឲ្យ​បាន​ចូល​រួម​កាន់​តែ​ច្រើន ដើម្បី​មាន​លទ្ធភាព​ក្លាយ​ជា​អាជ្ញាកណ្ដានាពេល​ខាង​មុខ»។

​ឯកឧត្តម ស សុខា បាន​បន្ថែម​ថា ដើម្បី​ពង្រឹង​សមត្ថភាពដល់​មន្ត្រី​បច្ចេកទេសរបស់​សហព័ន្ធ គួរ​មាន​ការ​ផ្ដល់​ឱកាសឲ្យ​ពួក​គាត់​ទៅ​ចូល​រួម​សិក្សា​ពី​ការ​រៀប​ចំការ​នៅ​ពេល​មាន​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស ជាក់​ស្តែង​នាពេលខាង​មុខ​កម្ពុជា​អាច​នឹង​មាន​ការ​ប្រកួត​ជា​មួយ​ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី ដែល​ជាឱកាស​ក្នុង​ការ​ដក់​ស្រង់​បទពិសោធន៍​សម្រាប់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា ទៅចូល​រួមដើម្បីត្រៀម​លក្ខណ:​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​បាន​សិក្សា​អស់​រយ:​ពេល៥ថ្ងៃ តាម​រយ:គ្រូឧទ្ទេសមក​ពី​សហព័ន្ធ​កីឡា​បាល់​ទះ​អាស៊ី សិក្ខាកាម​ដែល​បាន​ចូល​រួម​បាន​ទទួល​ចំណេះ​ដឹង​បន្ថែម មិន​ត្រឹម​តែ​ផ្នែក​ទ្រឹស្ដី​ប៉ុណ្ណេះ​ទេ ក៏​មាន​ការ​អនុវត្តជាក់​ស្ដែង​ផង​ដែរ។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បន្ថែម​ថា ក្រោយ​ឆ្លង​កាត់​ការ​សិក្សា​រយ:​ពេល៥ថ្ងៃ​រួច​មក​លោក​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ ប្រឹង​ប្រែង​របស់​សិក្ខាកាម ទាំងអស់ នឹង​ទទួល​បានចំណេះ​ដឹង​កាន់​តែ​ច្រើន និង​មាន​សមត្ថភាព បច្ចេក​ទេស​ក្នុង​ការ​ចុះ​អនុវត្ត​ជាក់​ស្តែងនាពេល​ខាង​មុខ ជាពិសេ​ដើម្បីពង្រឹង​សមត្ថភាព​មន្ត្រី​បច្ចេក​ទេស​របស់​សហព័ន្ធកីឡាបាល់​ទះ​កម្ពុជា ឲ្យ​ស្រប​ទៅ​តាម​ផែន​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​សហព័ន្ធ ក្នុងការ​គ្រប់​គ្រង់​បែប​បច្ចកវិទ្យា​ក្នុង​ពេល​ប្រកួត នឹង​ត្រៀម​លក្ខណ:​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ចំពោះដំណាក់​កាល​នៃ​ការ​សិក្សា ​វគ្គ​បណ្ដុះ បណ្ដាល​ប្រព័ន្ធ Volleyball Information System (VIS) និង E-Scoresheet Computer Program ​រួម​មាន៖

ថ្ងៃទី១៖ សិក្សាអំពី E-Scoresheet ចាប់​ផ្ដើម​ពី​មូល​ដ្ឋាន​គ្រឹះ និង​តម្រូវ​ការ​ផ្សេង​ៗ​សម្រាប់​ការ​គ្រប់​គ្រង់​ប្រព័ន្ធ
ថ្ងៃទី២៖ អនុវត្ត ពីកម្មវិធី​ដែល​បាន​សិក្សា E-Scoresheet និង​ការ​វាយតម្លៃ
ថ្ងៃទី៣៖ សិក្សាពី​ប្រព័ន្ធ VIS ចាប់​ផ្ដើម​ពី​មូល​ដ្ឋាន​គ្រឹះ ទម្រង់នៃការប្រកួត អ្នកវិភាគ និ​ការ​កត់ត្រា VIS
ថ្ងៃទី៤៖ ការអនុវត្ត​លើប្រព័ន្ធគ្រប់​គ្រង់ VIS
ថ្ងៃទី៥៖ ការ​ចុះអនុវត្ត​ប្រព័ន្ធគ្រប់​គ្រង់ VIS ដោយផ្ទាល់ លើកការប្រកួតជាក់ស្ដែង៕

Share.