ព្រឹត្តិការណ៍​​ប្រកួត​កីឡា​អូឡាំពិក ​2020 Summer Olympics ដែល​នឹង​ធ្វើ​​នៅ​រាជធានី​តូក្យូ ប្រទេស​ជប៉ុន​ ចាប់​ពី​ចុង​ខែ​កក្កដា ខាង​មុន​នេះ បាន​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​អនុញ្ញាត​ឱ្យ​មាន​លក់​គ្រឿង​ស្រវឹង​នៅ​ក្នុង​បរិវេណ​កីឡដ្ឋាន​នានា​ សម្រាប់​អ្នក​គាំទ្រ​ដែល​ទៅ​ទស្សនា​ផ្ទាល់​​នៅ​ទីលាន ប៉ុន្តែ​ត្រូវ​មាន​ការ​រឹតត្បិត​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

អត្ថបទពាក់ព័ន្ធ៖អត្តពលិក​កីឡា​លើក​ទម្ងន់​តំបន់​អាស៊ាន​១០នាក់​កក់​សំបុត្រ​យន្តហោះ​​ទៅ​​​អូឡាំពិក​នៅ​តូក្យូ

ការ​សម្រេច​នេះ​កើត​ឡើង​ បន្ទាប់​ពី​​មាន​ការ​អនុញ្ញាត​​ឱ្យ​មាន​អ្នក​គាំទ្រ​ប្រមាណ​១ម៉ឺន​នាក់​ អាច​ចូល​ទស្សនា​ការប្រកួត​កីឡា​អូឡាំពិក​នេះ​បាន​នៅ​តាម​កីឡដ្ឋាន​នីមួយៗ ដែល​អាច​ផ្ទុក​ទស្សនិកជន​ប្រមាណ​៥០% ឬ ១ម៉ឺន​នាក់​តាម​​ប្រភេទ​កៅអី​ក្នុង​​កីឡដ្ឋាន។ ជាមួយ​គ្នា​នេះ​ដែរ​ទស្សនិកជន​មក​ពី​ជុំ​វិញ​ពិភពលោក នៅ​តែ​មិន​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា នោះ​ទេ​លើក​លែង​តែ​ម្ចាស់​ផ្ទះ​ជប៉ុន ដោយ​ហេតុ​ផល​ពី​ជំងឺ​កូវីដ-១៩ ដែល​ឆ្លង​ជា​សាកល។

យ៉ាងណាក្តី​សារព័ត៌មាន Kyodo របស់​ជប៉ុន​បញ្ជាក់​ថា​ការ​​សម្រេច​ចិត្ត​អនុញ្ញាត​ឱ្យ​មាន​គ្រឿង​ស្រវឹង​នេះ​គឺ​ដោយ​សារ​​ផ្អែក​លើ​កិច្ចសន្យា​ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង។ បើ​ទោះ​ជា​អនុញ្ញាត​ឱ្យ​មាន​លក់​គ្រឿង​ស្រវឹង​មែន តែ​គណៈកម្មការ​បាន​កំណត់​ពេល​វេលា​នៃ​ការ​លក់​ដូរ​ជាក់​លាក់ និង​គោរព​បទដ្ឋាន​សុខភាព​សាធារណៈ​ជៀសវាង​ជំងឺ​ឆ្លង​កូវីដ-១៩។

2020 Summer Olympics នឹង​រៀបចំ​​សៀវភៅ​ណែនាំ​សម្រាប់​អ្នក​គាំទ្រ​​សម្រាប់​ចូល​ទស្សនា​ឱ្យ​មាន​របៀបរបប​​ទាំង​​ការ​ទទួល​ទាន​អាហារ​ ឬ​ការ​ពិសារ​គ្រឿង​ស្រវឹង​ជា​ក្រុម​នៅ​តាម​ផ្លូវ ឬ បរិវេណ​កីឡដ្ឋាន។ ជាមួយ​គ្នា​​នេះ​អ្នក​គាំទ្រ​មិន​​អនុញ្ញាត​ឱ្យ​​ច្រៀង​គាំទ្រ​អំឡុង​ពេល​ប្រកួត​បាន​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖មន្រ្តី៖​កីឡា​អូឡាំពិក​នៅ​តូក្យូ បន្ត​ធ្វើ​ខណៈ​អ្នក​ស្ម័គ្រ​ចិត្ត​១ម៉ឺន​នាក់​លាឈប់

លោក Seiko Hashimoto ប្រធាន​គណៈកម្មការ​ប្រកួត 2020 Summer Olympics ថា​ការ​លក់​គ្រឿង​ស្រវឹង​នេះ​គឺ​ស្ថិត​ក្នុង​ការ​ពិចារណា វា​អាស្រ័យ​ទៅ​លើ​អ្នក​គាំទ្រ​ថា​តើ​ពួក​គេ​អាច​បញ្ឈប់​ការ​និយាយ​លឺ ឬ ស្រែក ឬ ការពារ​ខ្លួន​ពី​កូវីដ-១៩ បាន​ត្រឹម​ត្រូវ​កម្រិត​ណា។

រហូត​ដល់​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ​២០២១ ខាង​មុខ រាជធានី​តូក្យូ បាន​កម្រិត​ពី​ការ​លក់​គ្រឿង​ស្រវឹង​នៅ​តាម​បារ ឬ ភោជនីយដ្ឋាន នានា​​ចន្លោះ​ពី​ម៉ោង​១១​ព្រឹក​ដល់​ម៉ោង​៧យប់ ហើយ​អ្នក​អង្គុយ​ញាំ​ត្រូវ​តែ​នៅ​ម្នាក់​ឯង ឬ មាន​គ្នា​២នាក់​ប៉ុណ្ណោះ។

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​រដូវ​ក្តៅ​ ដែល​ធ្វើ​នៅ​រាជធានី​តូក្យូ នេះ​​មាន​​ការ​ចូលរួម​ពី​កីឡាករ​កីឡា​ការិនី ពី​ប្រទេស​/តំបន់​ចំនួន​២០៦ផ្សេង​គ្នា សរុប​ប្រមាណ​ជា​​១១,០០០​នាក់ លើ​ប្រភេទ​៣៣​កីឡា​និង​៣៣៩​វិញ្ញាសា។ ការ​ប្រកួត​គ្រោង​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី២៣ ខែ​​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១។ ការ​ប្រកួត​នេះ​បាន​លើក​ពេល​ពី​ឆ្នាំ​២០២០ កន្លង​មក​ដោយ​សារ​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩ ជុំ​វិញ​ពិភពលោក៕

អត្ថបទពាក់ព័ន្ធ៖កីឡា​អូឡាំពិក​នៅ​​ជប៉ុន ​ចែក​ស្រោម​អនាម័យ ប្រមាណ​១៦ម៉ឺន​ស្រោម ដល់​អត្តពលិក​​ តែ​តិច​ជាង​កាល​​នៅ​ប្រេស៊ីល

Telegram-Troryorng
Share.