នៅរាត្រីថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ នេះក្រុមបាល់ទាត់ខេត្តព្រៃវែង សមាជិកលីគកំពូលកម្ពុជា បានប្រកាសពីសមាជិកបរទេសថ្មីរបស់ខ្លួនមួយរូបទៀតគឺអតីតសមាជិកក្រុមជម្រើសជាតិទ្រីនីដាតនិងតូបាហ្គោ លេងក្នុងតំបន់ខ្សែការពារ វ័យ៣៤ឆ្នាំ មានឈ្មោះថា Seon Power។
កីឡាករកម្ពុជា ១,៩០ម៉ែត្ររូបនេះផ្ទេរចេញពីក្លិប Banbueng FC សមាជិកលីគទី៣នៅប្រទេសថៃ ខណៈរូបគេបានធ្វើដំណើរចេញពីស្រុកកំណើតពីឆ្នាំ២០១៣ ដោយទៅកាន់ប្រទេសថៃផ្ទាល់តែម្តង ដោយកាលនោះគេបានចូលរួមជាមួយក្រុម Chainat Hornbill សមាជិកលីគកំពូលថៃ ចន្លោះឆ្នាំ២០១៣ ដល់២០១៥ ហើយនៅឆ្នាំ២០១៦ គេផ្ទេរទៅលេងក្រុមPhuket និងបន្តទៅក្រុម Central FC នៅឆ្នាំ២០១៧ ហើយនៅឆ្នាំ ២០១៨ រូបគេផ្ទេរទៅលេងនៅក្រុម Ulaanbaatar City FC លីគកំពូលប្រទេសម៉ុងហ្គោលី ហើយនៅឆ្នាំ២០១៩ ត្រឡប់ទៅប្រទេសថៃ វិញចូលរួមជាមួយក្រុម Krabi និង Nara United និងចុងក្រោយចូលរួមក្នុងក្រុម Banbueng FC។



កីឡាករ Seon Power ធ្លាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិខ្លួនបានចំនួន ៣៨លើក គិតតាំងពីឆ្នាំ២០០៧ មក ហើយក្នុងនោះរកគ្រាប់បាល់បាន២គ្រាប់ផងដែរ។ ប្រទេសទ្រីនីដាតនិងតូបាហ្គោ ស្ថិតនៅតំបន់សមុទ្រការ៉ាបៀន កៀកប្រទេសវេណេហ្ស៊ុយអេឡា ប្រើប្រាស់ភាសាអង់គ្លេស ជាផ្លូវការដោយមានប្រជាជនប្រមាណជាង១លាននាក់៕