ការតាំងចិត្ត និងក្តីសង្ឃឹមខ្ពស់ បានផ្លាស់ប្ដូរជីវិតពីក្មេងអ្នករៀបចំបន្ទប់ និងប្រមូលលុយពេលរៀនគួរភាសាអង់គ្លេស ក្លាយទៅជាអគ្គនាយក ក្រុមហ៊ុន Century 21 Mekong និងអ្នកវិភាគវិស័យអចលនទ្រព្យល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា នាពេលសព្វថ្ងៃនេះ។

លោក ព្រឹក សុខនីម បានកើតនៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ១៩៧៩ នៅខេត្តកំពង់ចាម ដែលមានបងប្អូនចំនួន ២នាក់ (ប្រុស ទាំងពីរដោយសុខនីម ជាកូនច្បងនៅក្នុងគ្រួសារ។ សុខនីម មានឪពុកឈ្មោះ ឃិន ស៊ុនឡេង បច្ចុប្បន្នវ័យ ៥៧ឆ្នាំ ជាអ្នក ស្រុកក្នុងខេត្តកំពង់ចាម និងមានមុខរបរជាកសិករ ឯម្តាយឈ្មោះ សុខ គីមនី អាយុ ៥៧ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មានមុខរបរលក់ដូរចាប់ហួយតិចតួចនៅមុខផ្ទះ។ លោក ព្រឹក សុខនីម បានរៀបការនៅឆ្នាំ ២០០៧។ លោកមានដំណក់ឈាមកូនប្រុសម្នាក់ និងកូនស្រីម្នាក់ជាមួយអ្នកស្រី ហ៊ាង ឆវី ដែលបច្ចុប្បន្នកូនប្រុសនេះមានឈ្មោះ ច្រឹក ដេវីដ អាយុ ១៥ឆ្នាំ និងកូនស្រីម្នាក់អាយុ៤ឆ្នាំ។

តាំងពីនៅតូច កុមារ សុខនីម មានចំណង់ចំណូលចិត្តស្រាវជ្រាវ និងប្រឹក្សាយោបល់ឲ្យអ្នកដទៃ ហើយមានទេពកោសល្យខ្ពស់នៅក្នុងការរៀនភាសាអង់គ្លេស ហើយធ្លាប់ធ្វើជាអ្នករៀបបន្ទប់ និងប្រមូលលុយ ជាថ្នូរការរៀនភាសាអង់គ្លេសមិនអស់លុយ។ក្រៅពីមានទេពកោសល្យខ្ពស់នៅក្នុងការសិក្សាស្រាប់ កុមារា សុខនីម ជាក្មេងម្នាក់ដែលតែងចិញ្ចឹមចិត្តចង់ធ្វើការងារធំៗ ទៅថ្ងៃអនាគត។ លោកសុខនីមបានពោលថា ការចង់បានការងារធំ ព្រោះតែចង់រកលុយឲ្យបានច្រើន តាមរយៈចំណេះវិជ្ជា ម្ល៉ោះហើយកុមារសុខនីម តែងគោរពអ្នកចេះដឹង ដើម្បីទទួលឱវាទល្អពីមនុស្សមានចំណេះ។

លោក ព្រឹក សុខនីម បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នរោត្តមនៅអំឡុងឆ្នាំ ១៩៩៨។ នៅឆ្នាំ ១៩៩៩-២០០១ រៀននៅសាលា បច្ចេកវិទ្យាវិជ្ជាជីវៈព្រះកុសុមៈ ដែលបច្ចុប្បន្នប្ដូរមកជា វិទ្យាស្ថានពហុបច្ចេកវិទ្យាព្រះកុសុមៈ។ លោកបានចាប់ជំនាញលើវិស័យ សំណង់រៀនចន្លោះពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច។ នៅឆ្នាំ៖ ១៩៩៩-២០០៣ រៀននៅសាកលវិទ្យាល័យន័រតុន ឯកទេស ធនាគារ និងហិរញ្ញវត្ថុ។ នៅឆ្នាំ ២០០០-២០០២ ទទួលបានអាហារូបករណ៍ភាសាអង់គ្លេសនៅ CUS រៀនថ្ងៃសៅរ៍ និងអាទិ ត្យ។ នៅឆ្នាំ ២០១០ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ ន័រតុន។

នៅអំឡុងពេលសិក្សា យុវជន ព្រឹក សុខនីម បានឆ្លៀតទៅធ្វើការងារស្ម័គ្រចិត្តនៅអង្គការ អភិវឌ្ឍន៍កសិកម្មកម្ពុជា ក្រោយមកទៀតបានជាប់ជាបុគ្គលិកនៅក្រុមហ៊ុនប្រេងឥន្ធនៈ កាល់តិច ហើយបានប្រាក់ខែលើកដំបូងបំផុតនៅក្នុងជីវិត អំឡុងវ័យ ២១-២២ ឆ្នាំ ហើយប្រាក់ខែដំបូងបានចំនួន ២៥០ដុល្លារ។ តាមពិតទៅមុនធ្វើការស្ម័គ្រចិត្តនេះ យុវជន ព្រឹក សុខនីម បានឆ្លៀតរកប្រាក់ចំណូលបានខ្លះៗរួចទៅហើយដែលធ្វើជាគ្រូភាសាអង់គ្លេស ព្រោះលោក គឺជាសិស្សពូកែភាសាអង់គ្លេសស្រាប់។ ទន្ទឹមនឹងនេះ លោក ច្រឹក សុខនីម បានឆ្លៀតធ្វើការងារស្ម័គ្រចិត្ត និងបានការងារដំបូងនៅក្រុមហ៊ុនកាល់តិច បន្ទាប់មកបានធ្វើការនៅធនាគារ អេអិនហ្សិតរ៉ូយ៉ាល់ ។

នៅឆ្នាំ២០០៨-២០១៤ លោកបានចូលបម្រើការងារនៅ vtrust property ជាបុគ្គលិកលក់គម្រោង ដីឡូត៍ ដោយសារការងារល្អ ២ឆ្នាំក្រោយមកបានតួនាទី ជាអនុប្រធាននៅ Vtrust Property។ នៅឆ្នាំ ២០១៥ លោកបានសម្រេចលាឈប់ពីតំណែងអនុប្រធានខាងលើ បានបើកក្រុមហ៊ុនមួយឈ្មោះថា Century 21 Mekong មកដល់ពេលបច្ចុប្បន្ន។

លោកច្រឹក សុខនីម ផ្ដល់សម្ភាសន៍នៅក្នុងកម្មវិធី Tea Time

សូមទស្សនាកិច្ចសម្ភាសន៍រវាង លោក ច្រឹក សុខនីម និងអ្នករៀបចំកម្មវិធី Tea Time របស់សារព័ត៌មានត្រយង

Share.