សិល្បៈអន្តរជាតិ៖ តារាចម្រៀងល្បី Beyonce កំពុងប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃពីហ្វេនក្រោយព្រមទទួលសម្ដែងបែបឯកជននៅឌូបៃ ក្រោយផ្ទុះករណីចម្រូងចម្រាសពាក់ព័ន្ធនឹងច្បាប់ប្រឆាំងអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសអារ៉ាប់រួម។
តារាចម្រៀងរូបនេះក្រៅពីប្រឈមមុខនឹងពាក្យរិះគន់យ៉ាងភ្លូកទឹកភ្លូកដីហើយនោះ អ្នកគាំទ្រជាច្រើនទៀតបានសម្ដែងអារម្មណ៍ខកចិត្តជាពន់ពេក ដែលតារាលំដាប់ជួរមុខកម្រិតពិភពលោកនេះព្រមទទួលយកតម្លៃខ្លួនមួយថ្ងៃ២៤លានដុល្លារសម្រាប់ការច្រៀងនិងសម្ដែងនៅក្នុងសណ្ឋាគារ Atlantis The Royal កាលពីថ្ងៃសៅរ៍កន្លងទៅ បើទោះជាប្រទេសនេះកំពុងផ្ទុះចេញនូវការតវ៉ាចំពោះច្បាប់ប្រឆាំងអ្នកស្រលាញ់ភេទដូចគ្នា (LGBTQ) ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។
យោងតាមការបញ្ជាក់ពីលោក Bev Jackson សហស្ថាបនិកលើកស្ទួយក្រុមសម្ព័ន្ធអ្នកស្រលាញ់ភេទដូចគ្នាបានបញ្ចេញទស្សនៈថា ការបង្ហាញវត្តមាននៅអារ៉ាប់របស់ Beyonce នាពេលនេះ កំពុងតែជះឥទ្ធិពលខ្លាំងចំពោះកេរ្តិ៍ឈ្មោះកន្លងមកដែលអ្នកស្រីធ្លាប់បានចេញមុខគាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកស្រលាញ់ភេទដូចគ្នា។
លោក Bev Jackson បានប្រាប់សារព័ត៌មាន The Telegraph នាថ្ងៃអាទិត្យកន្លងទៅថា៖ «សម្ព័ន្ធអ្នកស្រលាញ់ភេទដូចគ្នាពិតជាខកចិត្តយ៉ាងក្រៃលែងចំពោះលោកស្រី Beyonce ដែលព្រមទទួលទៅច្រៀងនិងសម្ដែងខនសឺតនៅឌូបៃ ដែលជាទីតាំងមួយបានចាត់ទុកថាការស្រលាញ់ភេទដូចគ្នាគឺជាសកម្មភាពឧក្រិដ្ឋកម្ម ដែលអាចនឹងត្រូវដាក់ទណ្ឌកម្មសម្លាប់។
ការសម្ដែងខនសឺតរបស់តារាចម្រៀងវ័យ៤១ឆ្នាំរូបនេះគឺជាលើកទីមួយក្នុងរយៈពេល ៤ឆ្នាំ ដោយក្នុងនោះលោកស្រីបានច្រៀងនិងសម្ដែងបទ Brown Skin Girl ជាមួយនឹងកូនស្រីវ័យ១១ឆ្នាំ Blue Ivy។ បើទោះជាមានការរឹតត្បិតយ៉ាងតឹងរឹងមិនឱ្យមានការថតការសម្ដែងខនសឺតនេះក្ដីប៉ុន្តែនៅតែមានវីដេអូឃ្លីបខ្លីៗខ្លះត្រូវបានទម្លាយចេញមកក្រៅនៅលើបណ្ដាញសង្គមកាលចុងសប្ដាហ៍មុន។
កាលពីឆ្នាំ២០១៩ នៅក្នុងខណៈឡើងទទួលពានរង្វាន់ GLAAD Media តារារូបនេះបានលើកឡើងថា «លោកពូលោកស្រីគឺជាបុរសស្រលាញ់ភេទដូចដ៏អស្ចារ្យម្នាក់ដែលលោកស្រីបានស្គាល់ ហើយលោកស្រីក៏បានទម្លាយផងដែរថាលោករស់នៅជាមួយនឹងការផ្ទុមមេរោគអេដស៍។
អ្នកលេងបណ្ដាញសង្គមម្នាក់បាននិយាយថា៖ «អ្នកឯងមិនអាចនិយាយថាខ្លួនជាសម្ព័ន្ធមិត្តរបស់ក្រុម LGBTQ+ និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នានោះទេ នៅពេលដែលអ្ន្កកឯងទទួលលុយពីប្រទេសដែលសម្លាប់មនុស្សស្រលាញ់ភេទដូចគ្នា។ អា*** កុំធ្វើការងារអ៊ីចឹងទៀត។ ខ្ញុំកំពុងនិយាយពី Beyonce។
អ្នកលេងបណ្ដាញសង្គមម្នាក់ទៀតបាននិយាយថា៖ «ខ្ញុំនិយាយដោយស្មោះ ពេលនេះ Beyonce មិនខ្វល់ពីសិទ្ធិរបស់អ្នកស្រលាញ់ភេទដូចគ្នានោះទេ នាងមើលឃើញសែកហើយនាងព្រមទទួល។ វាគឺជារឿងដ៏គួរអាម៉ាស់ណាស់ដែលមានអ្នកស្រលាញ់ភេទដូចគ្នាជាច្រើនជាបុរសហើយពួកគេថែមចេញមកនិយាយការពារការសម្ដែងរបស់នាង។
អ្នកខ្លះបានលើកឡើងនៅលើ Twitter ចោទជាសំនួរដែរថាហេតុអីមហាសេដ្ឋិនីរូបនេះបែរជាព្រមទៅសម្ដែងទាំងដែលដឹងថាមានបញ្ហាចម្រូងចម្រាសរឿងនេះកំពុងតែកើតឡើង ខណៈដែលសាមីខ្លួនមិនមានបញ្ហាហិរញ្ញវត្ថុទាល់តែសោះ។
ថ្វីត្បិតតែមានមតិរិះគន់យ៉ាងគគ្រឹកគគ្រេងនៅលើបណ្ដាញសង្គមពីបញ្ហានេះ ប៉ុន្តែសាមីខ្លួនលោកស្រី Beyonce មិនបានចេញមកបញ្ចេញមតិ ឬឆ្លើយតបចំពោះបញ្ហានេះនៅឡើយទេ៕
ប្រភព៖ Daily Mail Online