ក្នុងចំណោមលក្ខណសម្បត្តិទាំង៧ នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុត្ថិភាព លក្ខណសម្បត្តិទី៤ បានកំណត់អំពីការ «មានអនាម័យ មានសោភ័ណ្ឌភាពល្អ និងបរិស្ថានល្អ»។ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រសួងបរិស្ថានទទួលមុខការជំរុញអនុវត្តលក្ខណសម្បត្តិមួយនេះឱ្យទទួលបានជោគជ័យនៅគ្រប់មូលដ្ឋានភូមិ ឃុំ សង្កាត់ទូទាំងប្រទេស។ យ៉ាងណាក៏ដោយ មានតែអ្នកនៅមូលដ្ឋានទេដែលមានទំនួលខុសត្រូវខ្ពស់ជាងគេបំផុតនៅក្នុងការអនុវត្តលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច រាប់ទាំងការងារអនាម័យ សោភ័ណ្ឌភាព និងបរិស្ថាន។ ប៉ុន្តែមានតួអង្គ និងទីកន្លែងមួយចំនួន ត្រូវតែផ្ដល់ភាពជាគម្រូ និងត្រូវតែចាប់ផ្ដើមមុនគេមុនឯងនៅក្នុងកិច្ចការលើកកម្ពស់អនាម័យ សោភ័ណ្ឌភាព និងបរិស្ថាននេះ។

ទី១-គឺក្រុមប្រឹក្សាឃុំ សង្កាត់​៖ ក្រុមប្រឹក្សាឃុំ សង្កាត់ដែលទទួលបានអាណត្តិពីប្រជាពលរដ្ឋ ទទួលបានប្រាក់ខែពីរដ្ឋ ត្រូវតែបង្ហាញជំនួលខុសត្រូវលើការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យបានជោគជ័យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវមានទំនួលខុសត្រូវលើការផ្ដល់សេចក្ដីទុកចិត្តពីប្រជាពលរដ្ឋ។ ផ្ដើមចេញមុនគេ គឺបរិវេណសាលាឃុំ សង្កាត់ ត្រូវតែមានអនាម័យ មានសោភ័ណ្ឌភាពនិងបរិស្ថានស្អាត ពិសេសភាពបៃតង។ ដូចគ្នាដែរ ផ្ទះមេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិជាដើម ក៏ត្រូវតែចេញដំណើរមុនគេក្នុងការលើកកម្ពស់អនាម័យ សោភ័ណ្ឌភាព និងបរិស្ថានស្អាតនេះដែរ។ បើសាលាឃុំ សង្កាត់ ឬបើផ្ទះរបស់តួអង្គក្នុងក្រុមប្រឹក្សាឃុំ សង្កាត់មិនទាំងបានធ្វើជាគម្រូក្នុងការអនុវត្តលក្ខណៈសម្បត្តិទី៤នេះផង ទោះជាអញ្ជើញរដ្ឋមន្រ្តីក្រសួងបរិស្ថានដឹកនាំប្រតិភូចុះមកជួយ ក៏ការងារនេះមិនអាចទៅមុខបានដែរ។

ទី២-សាលារៀ និងវត្តអារាម៖ សាលារៀនគឺជាកន្លែងអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សាលារៀនត្រូវតែជាសាលាមេត្រី ជាសាលាញាំងអារម្មណ៍សិស្សានុសិស្សឱ្យកាន់តែរីករាយនឹងការសិក្សា ហើយក្នុងចំណោមនោះ ក៏ត្រូវ​តែមានអនាម័យល្អ សោភ័ណ្ឌភាពល្អ និងបរិស្ថានស្អាតដែរ។ សាលារៀនត្រូវតែគ្មានសំរាម គ្មានភក់ជ្រាំ ប៉ុន្តែត្រូវតែមានសួនច្បារផ្កាចម្រុះពណ៌ មានដើមឈើជ្រកម្លប់ គ្របដណ្ដប់ដោយភាពបៃតង។ ក៏មិនខុសគ្នាដែរ វត្តអារាម គួរតែងាកមកផ្ដោតលើការងារបរិស្ថានឱ្យបានទន្ទឹមគ្នានឹងការសាងសង់សំណង់ផ្សេងៗដែរ។ វត្តជាទីញាំងចិត្តឱ្យមនុស្សជ្រះថ្លា ស្ងប់ស្ងាត់ និងជាទីស្នាក់អាស្រ័យ ឬសម្រាកនៃសត្វលោក។ ពីអតីតកាល វត្តអារាមនាំមុខគេណាស់នៅក្នុងការររៀបចំសោភ័ណ្ឌភាព និងបរិស្ថាន។ ប៉ុន្តែមួយរយៈកាលចុងក្រោយ វត្តអារាមខ្លះបានបណ្ដែតបណ្ដោយឱ្យបរិយាកាសជុំវិញវត្តប្រៀបដូចជាផ្ទះអ្នកស្រុកទៅហើយ។ វត្តអារាមខ្លះ ពោពេញដោយសំណង់ស៊ីម៉ង់តិ៍ស្អេកស្កះ តែរំលងភាពបៃតង។ ដូច្នេះវត្តអារាមដែលមានព្រះគ្រូចៅអធិការ និងអាចារ្យគណៈកម្មការជាអ្នកទទួលខុសត្រូវ គួរតែបង្កើនការខិតខំប្រឹងប្រែងរក្សាអនាម័យ និងបរិស្ថាន និងសោភ័ណ្ឌភាព ជាពិសេសដាំដើមឈើឱ្យបានច្រើន។ ចំណែកកុដិព្រះសង្ឃគង់អាស្រ័យក៏ត្រូវតែស្អាត និងគួរជាទីជ្រះថ្លា។ បង្អួចកុដិ គឺសម្រាប់ទុកឱ្យខ្យល់ចេញចូល និងមើលបរិវេណខាងក្រៅដែលក្នុងនោះក៏មើលទិដ្ឋភាពបៃតង និងចាបយំដែរ ប៉ុន្តែបង្អួចកុដិព្រះសង្ឃវត្តខ្លះ បែរជាច្រកចេញនៃសម្រាមទាំងពួងទៅវិញ។

៣-ប៉ុស្តិ៍រដ្ឋបាល និងប៉ុស្តិ៍សុខភាព៖ ជារួមប៉ុស្តិ៍សុខភាពភាគច្រើន បានគិតគូដល់បរិស្ថាន ដូចជារៀបចំសួនច្បារ និងដាំដើមឈើជាដើម ប៉ុន្តែបើប៉ុស្តិ៍នគរបាលវិញ គឺមិនសូវយកចិត្តទុកដាក់លើការងារបរិស្ថាន អនាម័យ និងសោភ័ណ្ឌភាពនេះប៉ុន្មានឡើយ។ និយាយតាមបែបផ្សេង ក៏អាចដែរដោយសារកន្លែងការងារដូចប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់នេះ ភាគច្រើនមានមន្ត្រីតែជាបុរសៗ ហើយរវល់ច្រើនតែនឹងការងាររដ្ឋបាល និងសន្តិសុខ។ ដូច្នេះក៏ពិបាកបន្ទោសពួកគាត់ ក៏ប៉ុន្តែក៏ពួកគាត់មិនគួរបណ្ដែតបណ្ដោយពេកដែរ។ យ៉ាងណាក៏ដោយ ភាពជាគម្រូនេះសំខាន់ណាស់ក្នុងឋានៈយើងជាមន្រ្តីរាជការ។ ប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏ជាកន្លែងដែលពលរដ្ឋមកទទួលសេវាផ្សេងៗដែរ។ ដូច្នេះពលរដ្ឋក៏អាចទទួលឥទ្ធិពលពីប៉ុស្តិ៍ដែរ បើប៉ុស្តិ៍នោះស្អាត មានអនាម័យ និងបរិស្ថានល្អ។ ប៉ុន្តែផ្ទុយទៅវិញ បើប៉ុស្តិ៍នោះមានតែកន្ទុយបារី សងខាងប៉ុស្តិ៍មានតែស្បោងនិងសម្បកំប៉ុង ពលរដ្ឋក៏ទទួលឥទ្ធិពលមិនល្អដូចគ្នាដែរ។

ជារួម ប្រសិនបើយន្តការ និងទីកន្លែងទាំងអម្បាលមាននេះបានយកចិត្តទុកដាក់បង្កើតភាពជាគម្រូមុនគេមុនឯង លើការងារអនាម័យ សោភ័ណ្ឌភាព និងបរិស្ថានល្អស្អាតនេះ ពិតណាស់ថានឹងនាំឱ្យមានក្ដីសង្ឃឹមដល់ការអនុវត្តបានជោគជ័យលក្ខណសម្បត្តិទី៤នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពពុំខានឡើយ ហើយជាស្វ័យប្រវត្តគឺនឹងជះឥទ្ធិពលដល់ឥរិយាបទរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមិនខាន។ ពិសេសជាងនេះទៅទៀតនោះ នៅពេលរៀបចំការផ្សព្វផ្សាយអប់រំឱ្យពលរដ្ឋចូលរួមលើកកម្ពស់លក្ខណសម្បត្តិមួយនេះ មន្រ្តីទាំងនោះនឹងមានទឹកមាត់ប្រៃក្នុងការនិយាយស្ដីអំពាវនាវដល់ពលរដ្ឋរបស់ខ្លួន។ ផ្ទុយទៅវិញ បើពួកគាត់ធ្វើការងារអនាម័យ សោភ័ណ្ឌភាព និងបរិស្ថាននៅកន្លែងការងារខ្លួន ឬផ្ទះរបស់ខ្លួនមិនទាំងបានល្អផង តើមានតម្លៃអ្វីទៅនិយាយណែនាំប្រជាជន…?

Share.