កោះកុង៖ ក្រុមយុវវ័យប្រមាណជា ៥ ទៅ ១០នាក់ បានប្រើអំពើហិង្សាកាប់ចាក់គ្នាបណ្តាលឱ្យម្នាក់ដេកស្លាប់នៅនឹងកន្លែង រីឯជនបង្កកំពុងរត់គេចខ្លួនបាត់ស្រមោលទាំងយប់។ ហេតុការណ៍នេះ កើតឡើងនៅកាលវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ទល់មុខសាលារៀនសាមគ្គីឯកជនក្បែរសាលាសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកស្លាប់ ឈ្មោះ លីម៉ា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា មុខរបរជាកម្មករ បានរងរបួស ចំកណ្តាលក្បាលចំនួនពីរកន្លែង និងលើដងខ្លួនចំនួន៤កន្លែង។ រីឯជនរងគ្រោះម្នាក់ទៀត ឈ្មោះ ប៉ាក់ រ៉ាវុធ អាយុ ១៩ ឆ្នាំ រងរបួលធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មានទីលំនៅភូមិពាមក្រសោបជាមួយអ្នកស្លាប់។

ផ្អែកតាមការសាកសួររបស់សមត្ថកិច្ច និងកាម៉េរ៉ាសុវត្ថិភាព បានបង្ហាញថា ជនសង្ស័យមានគ្នីគ្នា៥ ទៅ១០នាក់ ក្រោយសម្លាប់មនុស្សរួច ពួកគេនាំគ្នារត់គេចខ្លួនបាត់អស់ភ្លាមៗដែរ។ ករណីឃាតកម្មនេះគេនៅពុំទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចជំនាញកំពុងបើកស៊ើបអង្កេតស្រាវជ្រាវរកមុខក្រុមជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទ៖ សិទ្ធី)

Share.