ក្រោយចាកចេញពីទឹកដីកម្ពុជា ទៅ​កាន់​ឥណ្ឌូណេស៊ី រយៈពេល១២ថ្ងៃ ខ្សែប្រយុទ្ធប្រេស៊ីល Paulo Victor បង្ហាញខ្លួនលើកទី២ ​ជាមួយ​​ក្រុម​ថ្មី​ Persebaya Surabaya ហើយថែមទាំងរកបាន ១គ្រាប់ នៅនាទី៨៤ ដែលជាគ្រាប់ជ័យជម្នះលើក្រុម Bhayangkara FC ក្នុងលទ្ធផល ២-១ កាលយប់ថ្ងៃទី២៣ ខែមករា នៃលីគកំពូលឥណ្ឌូនេស៊ី Liga 1 រដូវកាល ២០២២-២៣។

ខាងក្រោម​ជា​វីដេអូ​ហាយឡាយ​នៃ​ការប្រកួត​របស់​ក្រុម Persebaya Surabaya ទល់ក្រុម Bhayangkara៖

Paulo Victor គឺជាអតីតខ្សែប្រយុទ្ធដ៍មុតស្រួចម្នាក់របស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន អំឡុងពេលចំណាយពេលចំនួន២រដូវកាល ចាប់ពីឆ្នាំ ២០១៨-២០ ហើយបន្តចូលរួមជាមួយ​ក្លិប Al Hidd Club របស់បារ៉ែន និងចុងក្រោយនៅក្លិប Esporte Clube Vitória ក្លិបលីគទី២របស់ប្រទេសប្រេស៊ីល ដែលជាទឹកដីកំណើតរបស់ខ្លួន។

នៅដើមឆ្នាំ ២០២២ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះវិលត្រលប់មកកម្ពុជាសារជាថ្មី ដោយចូលរួមជាមួយ វិសាខា  ប្រកួតប្រជែងក្នុងពានរង្វាន់ Cambodian Premier League រដូវកាល ២០២២ ពោលគឺបង្ហាញខ្លួនបាន១៧លើក ស៊ុតបញ្ចូលទីបាន១៥គ្រាប់ ជួយឲ្យក្លិបទទួលបានជើងឯករងលីគកំពូលកម្ពុជា មុនចែកផ្លូវនៅដើមឆ្នាំ​ ២០២៣។

បច្ចុប្បន្នក្លិបបាល់ទាត់ Persebaya Surabaya ក្រោមការដឹកនាំរបស់លោក Aji Santoso កំពុងស្ថិតលេខរៀងទី៧ នៃក្របខណ្ឌ Liga 1 លីគកំពូលឥណ្ឌូនេស៊ី ក្រោយឆ្លងកាត់១៨ប្រកួត ឈ្នះ៨ ស្មើ៤ និងចាញ់៧ មាន២៨ពិន្ទុក្នុងដៃ៕

Share.