អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស​ចំនួន ៣នាក់បានស្លាប់ និង រាប់សិបនាក់ទៀត
ភ័យខ្លាចជាប់គាំងនៅក្រោមអគារ បន្ទាប់ពីអគារកម្ពស់ ៤ជាន់ ១កន្លែងបានដួលរលំនៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ២៥ ខែ មករា ឆ្នាំ ២០២៣។

អនុប្រធានរដ្ឋមន្រ្តីរដ្ឋ Uttar Pradesh លោក Brajesh Pathak

អនុប្រធានរដ្ឋមន្រ្តីរដ្ឋ Uttar Pradesh លោក Brajesh Pathak បាននិយាយថា មនុស្ស ៣នាក់បានស្លាប់ នៅក្នុងទីក្រុង Lucknow ភាគខាងជើងនៃរដ្ឋ Uttar Pradesh។

អគ្គនាយកប៉ូលីស (DGP) របស់រដ្ឋបាននិយាយថា ការដួលរលំនេះហាក់ដូចជាឥទ្ធិពលនៃការរញ្ជួយដីដែលបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃនេះ។

ការរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រ បានវាយប្រហារភាគខាងលិចប្រទេសនេប៉ាល់ កាលពីរសៀលថ្ងៃ អង្គរ មានចម្ងាយប្រហែល ៤៤០គីឡូម៉ែត្រពីទីក្រុង Lucknow។

លោក Devendra Singh Chauhan បានប្រាប់អ្នកយកព័ត៌មានថា «មនុស្សចំនួន ៣០ ទៅ ៣៥នាក់បានជាប់គាំងនៅក្រោមអគារ»។ លោកបន្ថែមថា ក្រុមប៉ូលីស និង ក្រុមកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ កំពុងស្វែងរកអ្នកដែលជាប់នៅក្រោមគំនរបាក់បែក។

ទាក់ទងនឹងបញ្ហានេះ ការិយាល័យប្រធានរដ្ឋមន្រ្តីរដ្ឋ Uttar Pradesh លោក Yogi Adityanath បានសរសេរថា «មន្ទីរពេទ្យត្រូវបានណែនាំឲ្យរក្សាការប្រុងប្រយ័ត្ន»។

ប្រធានរដ្ឋមន្រ្តីរដ្ឋ Uttar Pradesh លោក Yogi Adityanath

យោងតាមទិន្នន័យពីការិយាល័យកំណត់ត្រាឧក្រិដ្ឋកម្មជាតិ មនុស្ស ១,៦៣០នាក់ ត្រូវបានសម្លាប់ដោយការដួលរលំរចនាសម្ព័ន្ធក្នុងឆ្នាំ២០២១។

សូមជម្រាបថា ឧបទ្ទវហេតុនេះកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីអាជ្ញាធរក្នុងទីក្រុង Joshimath ដែលជាទីក្រុងដ៏ពិសិដ្ឋបំផុតមួយរបស់ប្រទេសឥណ្ឌា បានចាប់ផ្តើមជម្លៀសអ្នកស្រុកដែលភ័យស្លន់ស្លោ បន្ទាប់ពីផ្ទះរាប់រយខ្នងចាប់ផ្តើមមានស្នាមប្រេះ និង លិច៕

ប្រភព៖ CNA

Share.