ប៉ុន្មានថ្ងៃនេះ អ្នកកាសែតមានជំងឺ«តួឯក»លើអនឡាញម្នាក់ បានទទួលការរិះគន់យ៉ាងចាស់ដៃពីសាធារណមតិ បន្ទាប់ពីអ្នកកាសែតរូបនោះ ជាថ្មីម្ដងទៀតបានបន្តធ្វើការងារហួសពីព្រំដែនជាអ្នកសារព័ត៌មានអាជីព រហូតជ្រុលខ្លួនឃើញ«គុណថាជាទោស»ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ។

និយាយដោយសង្ខេប អ្នកកាសែតរូបនោះបែរជាចេញមុខផ្សាយផ្ទាល់និយាយស្ដីបន្ទោស និងទំលាក់កំហុសយ៉ាង«អយុត្តិធម៌»ទៅលើបុរសម្នាក់ដែលចុះ«ជួយយកអាសា»ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ និងដែលសាច់រឿងប្រហែលជាមិត្តអ្នកអានភាគច្រើនបានទស្សនា និងជ្រាបស្រាប់ហើយ។

ករណីនេះ មិនមែនត្រឹមតែផ្ទុះការចាប់អារម្មណ៍ត្រឹមតែពីក្នុងចំណោមសាធារណជនទូទៅលើបណ្ដាញសង្គមប៉ុណ្ណោះទេ សូម្បីតែថ្នាក់ដឹកនាំយុវជន ដូចយ៉ាងលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងរហូតដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏ចូលរួមបញ្ចេញមតិដែរ។

តាមរយៈសារព័ត៌មានត្រយង នាងខ្ញុំសូមបញ្ចេញទស្សនៈជាអត្តនោម័តមួយថា សម្រាប់អ្នកកាសែតរូបនោះ រលកនៃការបញ្ចេញមតិមួយប្រាវនេះ ទំនងជាធ្វើឱ្យគាត់មោទកភាពផងក៏មិនដឹង ព្រោះតាមប្រពៃណីនៃក្រុមអ្នកកាសែតដូចគាត់ ការណ៍នេះមានន័យថា «គាត់ល្បីទើបគេចាប់អារម្មណ៍» និងធ្វើឱ្យគាត់កាន់តែល្បីជាដើម។

នាងខ្ញុំយល់ថាអ្នកកាសែតប្រភេទនេះ ក៏មិនខុសពីក្រុមគ្រូជោគជ័យខ្លះ ក្រុមអ្នករកស៊ីអនឡាញខ្លះ ក្រុមអ្នកលក់អចលនទ្រព្យខ្លះ និងក្រុមតារាជជុះៗខ្លះនោះទេ ពួកគេចាត់ទុកកលកនៃការបញ្ចេញមតិលើខ្លួនក្នុងបណ្ដាញសង្គមទោះជាមតិអវិជ្ជមានសម្រាប់រូពគេក៏ដោយ ថា«ជាសញ្ញាបញ្ជាក់ពួកគេជាមនុស្សដែលសង្គមចាប់អាម្មណ៍»

ការពិតមិនដូច្នេះទេ រកលកនៃការបញ្ចេញមតិរបស់សាធារណជននាពេលនេះ និងក៏លើករណីផ្សេងៗទៀតកន្លងមក ដោយសារក្នុងសង្គមមនុស្សតែងប្រកាន់ខ្ជាប់«វប្បធម៌ការពារ និងលើកតម្កើងសច្ចធម៌»។ គេមិនខ្វល់នឹងសកម្មភាពបុគ្គលនេះ បុគ្គលនោះឡើយ ប៉ុន្តែជាសត្យានុម័ត«គ្រប់គ្នាគ្រាន់តែឈឺឆ្អាលនឹងបញ្ហាសង្គមប៉ុណ្ណោះ»

មិនមែនព្រោះតែច្រណែន ឬស្អប់បុគ្គលជាអ្នកកាសែតម្នាក់នោះឡើយ ប៉ុន្តែគ្រប់គ្នានៅមិនស្ងៀមឡើយនៅពេលដែលអំពើប្រកបដោយ«គុណធម៌»ក្នុងសង្គមមនុស្សបែរជាត្រូវបានអ្នកកាសែតម្នាក់ប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយដោយស្ដីបន្ទោស និងចាត់ទុកថាអំពើនោះជាកំហុសឆ្គងដោយមិនសមទំនងទៅវិញ។

សូមកុំភ្លេចថាក្នុងបរិបទដែលក្រុមមនុស្សប៉ុន្មានជំពូកខាងលើនោះកំពុងតែ«ពុលនឹងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាឈ្នាន់ជាន់យកផលប្រយោជន៍តាមធម្យោបាយប្រាស់ចាកពីសច្ចធម៌» មនុស្សជាតិទាំងមូលកំពុងព្រួយបារម្ភអំពី«ការធ្លាក់ចុះអំពើជាមនុស្សធម៌ និងគុណធម៌ក្នុងសង្គម»

ដូច្នេះ នាងខ្ញុំសង្ឃឹមថាបន្ទាប់ពីឆ្លងកាត់រកលសាធារណមតិរិះគន់ដើម្បី«ការពារសច្ចធម៌ ការពារគុណធម៌ សីលធម៌ និងចរិយាធម៌»ក្នុងសង្គមមួយប្រាវនេះ អ្នកកាសែតរូបនោះនឹងប្ដូររបៀបធ្វើការ ហើយក៏សង្ឃឹមដែរថា«ក្រុមអ្នកជាន់ឈ្លីសច្ចធម៌ដើម្បីប្រជាប្រិយ៍ភាព»ក្នុងសង្គមនឹងមានការពិចារណា។

ពីនាងខ្ញុំ រចនា និស្សិតច្បាប់ ឯកទេសរដ្ឋបាលសាធារណៈ RULE

Share.