សិល្បៈ​ជាតិ​៖ បញ្ហា​បែក​ធ្លាយ​បទ​ចម្រៀង​ និង​ការ​យក​បទ​ចម្រៀង​របស់​តារា​ចម្រៀង​ចែក​ចាយ​បន្ត​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដែល​តារា​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​កំពុង​ជួប​ប្រទះ​។ ថ្មីៗ​នេះ​អ្នក​នាង​ ​ពេជ្រ​ សូលីកា បាន​ចេញ​មក​ប្រកាស​ធម៌​ក្ដៅ​ចំពោះ​អ្នក​ដែល​យក​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ទៅ​ចែក​ចាយ​បន្ត​ពី​ជន​អនាមិក​ដែល​បាន​ទម្លាយ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​មក​បញ្ចេញ​ជា​សាធារណៈ​។

នៅ​ថ្ងៃទី​២៥​​​​ ខែ​មករា​ ឆ្នាំ​២០២៣ អ្នក​នាង​ ពេជ្រ សូលីកា បាន​ចេញ​មក​ប្រកាស​ប្រើ​ធម៌ក្ដៅ​ចំពោះ​អ្នក​ដែល​លួច​ទម្លាយ​បទ​ចម្រៀង​ថ្មី​របស់​អ្នក​នាង​ ព្រម​ទាំង​បង្កើត​ឆាណែល​យូធូប​ (Channel Youtube)​ ដោយ​​ប្រើ​ឈ្មោះ​របស់​​អ្នក​នាង​ ពេជ្រ សូលីកា ជា​ភាសា​ខ្មែរ​ ដើម្បី​បង្ហោះ​ថ្មី​នោះដោយ​អ្នក​នាង​​ប្រកាស​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នក​ផុស​បទ​ខ្ញុំ​បន្ត​ពី​ Channel ជន​អនាមិក​ ក៏​មិន​រួច​​ខ្លួន​ដែរ​»

អ្នក​ម្ដាយ​​កូន​មួយ​រូប​នេះ​បាន​បន្ត​ទៀត​ថា​៖ «Channel មួយ​នេះ​ជា​ដើម​ហេតុ​ដំបូង​នៃ​ការ​ចែក​ចាយ​ បទ​ចម្រៀង​ថ្មី​របស់​នាង​ខ្ញុំ​សូម​ជួយ​ Report Channel ជន​អនាមិក​ ម្នាក់​មួយ​ផង​បង​ប្អូន​។ កុំ​បន្ត​គាំទ្រ​ ពួក​ជន​អនាមិក​ បន្ថែម​ទៀត​អី»

បទ​ចម្រៀង​ដែល​ត្រូវ​បាន​​ឆាណែល​ជន​អនាមិក​បង្កើត​ក្នុង​ឈ្មោះ​អ្នក​នាង​ ពេជ្រ សូលីកា មាន​ចំនួន​ពីរ​បទ​​គឺ​បទ​ «ហេតុ​អ្វី​យើង​បែក​គ្នា» និង​ «មាន​អ្នក​ត្រូវ​ការ​ខ្ញុំ​ទេ​»

ក្រោយ​ពី​អ្នក​នាង​ចេញ​មក​ព្រមាន​ចំពោះ​អ្នក​ចង់​យក​បទ​ចម្រៀង​ទៅ​ផុស​បន្ត​និង​ស្នើ​សុំ​ឱ្យ​អ្នក​គាំទ្រ​ជួយ​គ្នា​ Report ឃើញ​ថា​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​នាំ​គ្នា​ជួយ​ Report Channel Youtube មួយ​នោះ​ ប៉ុន្តែ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា​នេះ​ ឆាណែល​ដែល​អ្នក​នាង​ ពេជ្រ​ សូលីកា អះអាង​ថា​បង្កើត​ដោយជន​អនាមិក​នោះ​នៅ​តែមាន​វត្តមាន​នៅ​លើ​ Platform Youtube នៅ​ឡើយ​។ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ជា​បន្ត​ទៀត​ថា​តើ​តារា​ចម្រៀង​ស្រី​រូប​នេះ​នឹង​មាន​ចំណាត់​ការ​អ្វី​ផ្សេង​បន្ថែម​ទៀត​ដែរ​ឬ​យ៉ាង​ណា​?

Share.