ស្តេច​ប្រដាល់​ថៃ​ ប៊ួរខាវ ប៊ិនចាមេក បច្ចុប្បន្នមានវ័យ ៤០ឆ្នាំ ដែលមហាជនស្គាល់ថាជាអ្នកប្រដាល់ដែលមានថ្វីដៃ ខ្លាំង និងមានទម្ងន់ រូបនេះបាន​ប្រកាស​នៅ​លើ​គណនី​ហ្វេសប៊ុក​ផេក ផ្លូវ​ការ​ របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ រូប​គេ​ជា​ជន​ជាតិ​ដើម​កួយ​ ដែល​មាន​កំណើត​នៅ​លើ​ទឹក​ដី​ថៃ​ ដោយ​បដិសេធ​ថា​មិនមែន​ជា​ជន​ជាតិ​ខ្មែរ​ ឬ​ខ្មែរ​សុរិន្ទ​ នោះ​ឡើយ​។

ស្របពេលជាមួយគ្នានោះ មានមតិមហាជនខ្មែរ ជាច្រើនបានលើឡើងថា៖ ទោះជាយ៉ាងណាក៏ដោយសម្រាប់ប្រជាជនខ្មែរ ក៏មិនធ្លាប់គិតថា ប៊ួរខាវ ប៊ិនចាមេក ជាជនជាតិខ្មែរម្តងណាឡើយ។

ស្តេច​ប្រដាល់​ថៃ​ ប៊ួរខាវ ប៊ិនចាមេក បាន​បដិសេធ​បែប​នេះ​ ស្រប​ពេល​ដែល​ កម្ពុជា​កំពុង​ប្រឈម​ភាព​តាន​តឹង​ និង​ចម្រុង​ចម្រាស​ ជា​មួយ​សហព័ន្ធ​ប្រដាល់​ថៃ​ ទាក់​ទង​និង​ការ​ដាក់​ឈ្មោះ​លើ​វិញ្ញាសា​ គុនខ្មែរ​​ ក្នុង​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម​ ២០២៣ ដែល​កម្ពុជា​ ជា​ម្ចាស់​ផ្ទះ​។

គួរបញ្ជាក់ថា សម្រាប់​វិញ្ញាសា​កីឡា​ប្រដាល់​ ដែល​កម្ពុជា​ ​​បាន​រក្សា​ជំហរ​​សម្រេច​ក្នុង​​ការ​​​ប្រើ​​ឈ្មោះ​​«​គុន​ខ្មែរ»​ ដោយ​​មិន​​មាន​​ការ​​កែ​ប្រែ​សម្រាប់​​ការ​​ប្រកួត​​កីឡា​​ស៊ីហ្គេម លើក​​ទី​​៣២ ឆ្នាំ​២០២៣ ដែល​​កម្ពុជា​​ធ្វើ​​ជា​​ម្ចាស់​​ផ្ទះ​​នា​​ពេល​​ខាង​​មុខ ​ខណៈ​ថៃ​ ទាម​ទារ​ឲ្យ​ដាក់​ម៊ួយ​ថៃ​ ដោយ​ពួក​គេ​ជឿ​ជាក់​ថា ថៃ ជា​ម្ចាស់​ដើម​​នៃ​ប្រភេទ​កីឡា​នេះ​។

Share.