
កម្ពុជា និងមិត្តអាស៊ាន បានសម្រេចអនុម័តជាឯកច្ឆ័ន្ទដោយប្រើឈ្មោះ «គុនខ្មែរ» សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះជាការបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅក្នុងកិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។
ជុំវិញការដាក់កីឡា «គុនខ្មែរ» ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាប់ក្រុមការងារសាព័ត៌មានត្រយង ថា៖ «កីឡា «គុនខ្មែរ» នឹងត្រូវដាក់ប្រកួតមាន១៨ វិញ្ញាសា រួមទាំងវិញ្ញាសាសម្ដែងគុណគ្រូ ផងដែរ។ ចំណែកលក្ខខន្តិកៈនៃការប្រកួតក៏នឹងកំណត់ស្លៀកសម្លៀកបំពាក់ ដូចជាមានក្រមា បូកនឹងទង់ជាតិប្រទេសរៀងៗខ្លួន ជួតលើក្បាល ក្នុងនោះទ្រនាប់ដៃ ឬ កងដៃ (ខ្សែចងដៃ) ទៅតាមពណ៌នៃប្រទេសនីមួយៗចង់ដាក់ (ពាក់ព័ន្ធនឹងជំនឿ) ព្រមទាំងមានប្រើមួក (ការពារបង្ហាញថាមិនបែបហិង្សា)»។
ជាលទ្ធផលនៃកិច្ចប្រជុំដែលបានសម្រេចគឺមានចំនួន ៨ប្រទេសនៅតំបន់អាស៊ាន ដែលនឹងចូលរួមមានដូចជា៖ ថៃ, ឡាវ,ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,ឥណ្ឌូណេស៊ី,ហ្វីលីពីន,វៀតណាម រួមទាំងកម្ពុជា និងបានគាំទ្រ អនុម័តជាឯកច្ឆ័ន្ទប្រើឈ្មោះ «គុនខ្មែរ» ដោយមិនមានការកែប្រែសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

