ខេត្តតាកែវ៖ គ្រូសូត្រឆ្វេង វត្តទ្រព្យគរ បានផ្ទុះហិង្សាទាញចានគប់ និងវាយទៅលើព្រះកេសកូននេនមួយអង្គដេរជាច្រើនថ្នេរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ត្រង់ចំនុចវត្តទ្រព្យគរ ស្ថិតនៅភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពព័ត៌មានពីប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានឱ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាមៗ មន្រ្តីសង្ឃ ក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចាប់ព្រះតេជគុណផ្សឹករួចរាល់ហើយ។ ហើយក៏បានប្រគល់ទៅឲ្យខាងសមត្ថកិច្ចជាអ្នកបន្តទៀត ដោយសារវាជាករណីប្រើប្រាស់អំពើហឹង្សា។

ជនសង្ស័យមានឈ្មោះ នួន ឆានី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរព្រះសង្ឃ គ្រូសូត្រឆ្វេង ស្នាក់នៅវត្តទ្រព្យគរ ស្ថិតនៅភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ចំណែកជនរងគ្រោះព្រះនាម ពេជ្រ សាវុធ ភេទប្រុស អាយុ ១៤ឆ្នាំ ស្នាក់នៅក្នុងវត្តទ្រព្យគរ ភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីអធិការនគរបាលស្រុកបាទីបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ មានករណីហឹង្សាផ្តើមចេញពី ការទាស់ពាក្យសម្ដីជាមួយគ្នា ទើបគ្រូសូត្រឆ្វេង ប្រើប្រាស់ចានបាយ វាយ គប់ លើព្រះកេសកូននេន រងគ្រោះខាងលើ បណ្តាលឲ្យរងរបួសចំនួន៣កន្លែង ត្រង់ចំហៀងខាងឆ្វេងដេរចំនួន ៣ថ្នេរ របួសត្រង់ព្រះកេស ពីលើរដេរចំនួន ៣ថ្នេរ និងរងរបួសលើចិញ្ចើមចំហៀងខាងឆ្វេងដេរ១ថ្នេរ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.