កណ្តាល ៖ រថយន្តទ្រុងធុនធំដឹកអាចម៌គោមួយគ្រឿង បើកឆ្លងកាត់ផ្លូវដែកខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថភ្លើងខ្សែ អូសសុីទែនប្រេងបើកបុក បណ្តាលឲ្យប៉ើងខ្ទាតរថយន្ត រីឯរថភ្លើងក្រឡាប់សុីទែនប្រេងចំនួន២ទូ ចេញពីផ្លូវដែក ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តធុនធំមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3E-5043 ដឹកអាចម៌គោពេញរថយន្ត បើកចេញពីផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ ឆ្ពោះទៅផ្លូវជាតិ លេខ៣ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុ កើតហេតុ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ពេលដែលឆ្លងកាត់ផ្លូវដែក ទោះជារថយន្តភ្លើងសុីផ្លេ ពេលបើកឆ្លងកាត់ភូមិ តែរថយន្តខាងលើនៅតែព្យាយាមបើក ត្រូវបានរថភ្លើងខ្សែ អូសសុីទែនប្រេង (ព្រះសីហនុ-ភ្នំពេញ) បើកពីត្បូងទៅជើង បុករថយន្តប៉ើងខ្ទាត រីឯរថភ្លើងក្រឡាប់ សុីទែនប្រេងអស់ចំនួន២ទូ ធ្លាក់ចេញពីផ្លូវដែក តែមិនមានអ្នកណារងរបួស ។

ក្រោយកើតហេតុ កម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ការពារកន្លែងកើតហេតុ ខណៈដែលសុីទែនប្រេងកំពុងក្រឡាប់ ជៀសវាង កើតមានគ្រោះថ្នាក់បន្តទៀត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.