ខេត្តបន្ទាយមានជ័យ៖ សមា​ជិក​​​កីឡាករ​របស់​ក្រុម​​បាល់ទាត់​រាជសីហ៍និ​មិត្ត​ និង​ជា​កីឡាករ​តម្រង់ទិស​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ បាន​ទទួល​មរណភាព​ បន្ទាប់​ពី​ជួប​ហេតុ​ការណ៏​គ្រោះ​ថ្នាក់​ចរាចរណ៍​។

ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៨:៣០ នាទីយប់ ត្រង់​​ចំណុច​ស្រុក​អូជ្រៅ ខេត្ត​បន្ទាយមានជ័យ​ ។

មុន​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ ​C១២៥​ ពាក់​ផ្លាក​លេខ​បន្ទាយមានជ័យ ​1X-2885 ធ្វើ​ដំណើរ​ស្រប​ទិស​ មិន​ពាក់​មួក​សុវត្ថិភាព​ បើក​បុក​ គុត​គោយន្ត​ពី​ក្រោយ​ (គោយន្តមិនមានភ្លើងពីក្រោយ) បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​​កន្លែង​កើត​ហេតុ​ ​ចំណែក​ឯ​អ្នក​បើក​បរ​គោ​យន្ត​រត់​គេច​ខ្លួន​បាត់​។

ជន​រង​គ្រោះឈ្មោះ ប្រាក់ វីរៈ ភេទប្រុស អាយុ១៧ឆ្នាំ ជាសមាជិកកីឡាកររបស់ក្រុមបាល់ទាត់រាជសីហ៍និមិត្ត និងជាកីឡាករតម្រង់ទិសប្រចាំខេត្តបន្ទាយមានជ័យ

ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​ បាន​ចុះ​វាស់​វេង​ និង​បាន​នាំ​យក​ម៉ូតូ​ខាង​លើ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​អូជ្រៅ រង​ចាំ​ដោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ​​។ ចំណែក​ជន​រង​គ្រោះ​ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ បញ្ជូន​ទៅ​ឲ្យ​គ្រួសារ​ យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

Share.