កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ គ្រូបង្វឹកបាល់ទាត់ប្រចាំខេត្តកណ្តាល លោកគ្រូ គួង លី បានបង្ហោះសារនៅគណនីហ្វេសបុក ផ្ទាល់ខ្លួនរបស់លោក ដោយ​អំពាវនាវ​ឲ្យ​កីឡាករ​ដែល​ធ្លាប់​ហ្វឹក​ហាត់នៅ​សាលា​តម្រង់​ទិស​ខេត្ត​កណ្តាល ចូលមកហ្វឹកហាត់វិញ ទោះបីជាសាលាតម្រង់ទិសត្រូវបានផ្អាកក៏ដោយ។

លោកគ្រូ គួង លី បាន​សរសេរ​រៀបរាប់​នៅលើហ្វេសបុក​ថា៖ «26-01-2023 តាំងពី ស ប ក ព្យួរ​សាលា​តម្រង់បាល់ទាត់ខេត្តកណ្តាលមក មិនមានកីឡាករណាចង់ហាត់ និងបាល់ទាត់ទេឬ បើ​នៅ​តែ​អញ្ចឹង វានិងទៅជាយ៉ាងណាទៅ (សូមប្អូនមកហាត់វិញ ទោះមិនបានលេង របស់ ស ប ក យើង​ហាត់​ដើម្បី សុខភាព និងលេងពានរង្វាន់ផ្សេងៗទៀត​កុំគិតតែ​១ចំណុច​តូចនេះ)​ព្រោះ​ហាត់​មិន​មាន​ការ​បង់​ប្រាក់ទេ គ្រូសុខចិត្តចំណាយកំលាំង និងពេលវេលាមួយនេះ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សហព័ន្ធកីឡាបាទាត់​កម្ពុជា បាន​ធ្វើ​ការ​ផ្អាក់​ដំណើរ​ការ​សាលាតម្រង់ទិសខេត្តកណ្ដាល (ក្រុងតាខ្មៅ) ជាបណ្ដោះអាសន្ន ក្នុងករណីមន្ទីអប់រំខេត្ត មាន​បំណងចង់​បើក​ដំណើរ​ការ​សាលាតម្រង់​ទិស​ខេត្តកណ្ដាល(ក្រុងតាខ្មៅ) ឡើងវិញ លុះ​ត្រា​តែ​មាន​ទី​លានហ្វឹកហាត់សមស្រប និង​ទីលាន​បម្រុងពេលទីលានមន្ទីអប់រំខេត្តមានបញ្ហាឬជាប់រវល់៕

Share.