បន្ទាយមានជ័យ៖ ប្តីរត់ម៉ូតូឌុប ប្រពន្ធហៅញ៉ាំបាយធ្វើដំណើរមិនទាន់ដល់ផ្ទះផង ជួបគ្រោះថ្នាក់ចរាចរបាត់បង់ជីវិតលើផ្លូវជាតិ៥៨ កើតហេតុនៅវេលាម៉ោង៨.១០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

ជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ សេង សី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ រត់ម៉ូតឌុប រស់នៅក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយាមនជ័យ។

តាមសាច់ញាតិជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះជាអ្នករត់ម៉ូតូឌុបនៅរង្វង់មូលក្រុងប៉ោយប៉ែត មុនពេលកើតហេតុ ប្រពន្ធបានខលហៅប្តីឲ្យមកញ៉ាំបាយនៅផ្ទះ នៅក្នុងភូមិទីតាំងកើតហេតុខាងលើ ស្រាប់តែមួយសន្ទុះធំក្រោយមក ឮដំណឹងថា ប្តីជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ទើបនាំគ្នាមកមើល ស្រាប់តែឃើញប្តីរបស់ខ្លួនបែកក្បាលស្លាប់នៅក្នុងថ្លុងឈាមបាត់ទៅហើយ។


សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា៖ ពេលកើតហេតុ ជនរងគ្រោះ បានបើកបរម៉ូតូម៉ាកឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ.1BG-5428 ពណ៌ខ្មៅ ទិសដៅពីត្បូងទៅជើងបំរ៉ុងទៅផ្ទះប្រពន្ធហៅញ៉ាំបាយ ដល់ចំណុចមុខក្រុមហ៊ុន កៅស៊ូមួយកន្លែងនៅទីតាំងកើតហេតុខាងលើ ស្រាប់តែជនរងគ្រោះបានបើកម៉ូតូបុករថយន្តកុងតឺន័រដឹកកៅស៊ូចំពាក់កណ្តាលរថយន្ត ខណៈដែលរថយន្តកុងតឺន័រកំពុងបើកបរឆ្លងផ្លូវចេញពីទីតាំងក្រុមហ៊ុនរបស់ខ្លួន។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុរថយន្តកុងតឺន័រដឹកកៅស៊ូ ពាក់ស្លាកលេខ ភ្នំពេញ.3F-6057 ត្រូវបានតៃកុងបើករថយន្តយកទៅចតចោលនៅខាងត្បូងកន្លែងកើតហេតុប្រហែល៣០០ម៉ែត្រ រួចតៃកុងចុះគេចខ្លួនបាត់តែម្តង។ ចំណែកម៉ូតូយកទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សី និងសពជនរងគ្រោះក្រោយពីសមត្ថកិច្ចពិនិត្យនិងប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលពង្រ៕

អត្ថបទ៖ប៉ោយប៉ែត

Share.