ក្រុមបាល់ទះពង្រួលកំពង់ស្ពឺ ក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Slamball រដូវកាលទី១ ក្រោមយកឈ្នះលើក្រុមត្រីឆ្លាំងភ្នំពេញក្នុងលទ្ធផល ៣-២ បន្ទាប់ពីប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រយ៉ាងស្វិតស្វាញនៅតារាងបាល់ទះវិសា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

ក្រុមរបស់លោក ឆាស្មីត ដែលគេហៅក្រៅថាអធិរាជកំពូលឆានោះ លេងមិនដែលចាញ់ក្រុមណានោះទេ។ ពួកគេបំបាក់ជើងខ្លាំងព្រៃវែង ដែលមាន ឌូក ក្ដី ហើយឈ្នះទាំងសៀមរាប ដែលមានបន្ទាយឈើ និងអធិរាជកំពូលបាំង វ៉ា ថែមទៀត មុនមកផ្ដល់មេរៀនដល់ភ្នំពេញ ដែលជាក្រុមធី ម៉េងហ៊ួង នេះ។

ខណ:មុនឡើងប៉ះក្រុមពង្រួលកំពង់ស្ពឺនេះក្រុមភ្នំពេញ បានយកឈ្នះលើក្រុមដំរីសៀមរាបក្នុងលទ្ធផល ៣-១ មុនទៅហើយ។ តែគួរឱ្យសោកស្ដាយការប្រកួតនៅពេលព្រឹកនេះ បានធ្វើឱ្យភ្នំពេញបាត់ស្មាត់សំខាន់ ធី ម៉េងហ៊ួង មួយរូប ក្រោយពីមានបញ្ហារបួសកជើងទៅ។ កត្ដានេះហើយ ទើបភ្នំពេញប៉ះជាមួយកំពង់ស្ពឺហាក់ដូចជាមិនពេញសាច់នោះទេ ព្រោះបាត់ស្មាត់សំខាន់ម្នាក់។ ចុងបញ្ចប់ ក្រុមជើងឯកពានរង្វាន់ Slamball បានទៅលើពង្រួលកំពង់ស្ពឺ យកឈ្នះភ្នំពេញ ៣សិតទល់នឹង២សិត។

លោក សាមីត គ្រូបង្វឹកក្រុមពង្រួលកំពង់ស្ពឺ ក៏បាននិយាយក្រោយចប់ការប្រកួតដែរថា៖ «ខ្ញុំសប្បាយចិត្តចំពោះការរៀបចំពានរង្វាន់នេះឡើង ហើយរឹតតែសប្បាយចិត្តទៀតនោះគឺក្រុមរបស់ខ្ញុំបានឈ្នះជើងឯក។ វាមិនមែនជារឿងងាយស្រួលទេក្នុងការឡើងដល់វគ្គនេះ និងអាចយកឈ្នះលើក្រុមភ្នំពេញបាន តែដូចដែលបាននិយាយពីមុនការប្រកួត កំពង់ស្ពឺមានសង្ឃឹមច្រើន ព្រោះមានយុទ្ធសាស្ត្រដើម្បីឈ្នះក្រុមខ្លាំងភ្នំពេញ យកប្រាក់រង្វាន់និងជើងឯកពាន Slamball»។

ស្មាត់ យុន កីឡាករឆ្នើមក្នុងក្រុម ពង្រូលកំពង់ស្ពឺ បានលើកឡើងថា៖ «មុនប្រកួតក្រុមខ្លួនវិភាគឃើញពីសមត្ថភាពរបស់ក្រុម ធី ម៉េងហ៊ួង ឬ ត្រីឆ្លាំងភ្នំពេញ មិនមែនជាដៃគូរបស់ខ្លួនឡើយ ពោលគឺយ៉ាងហោចណាស់ក្រុមខ្លួនអាចស៊ី៣-១ ដែរ តែដល់ពេលការប្រកួតជាក់ស្ដែងហាក់មានភាពភ្ញាក់ផ្អើល ពោលបែរមានការប្រកួតប្រជែងខ្លាំងវ៉ៃរហូតដល់ ៥សិត ជាលទ្ធផលគឺក្រុមមកពីខេត្តកំពង់ស្ពឺឈ្នះ ៣-២ ជាមួយពិន្ទុប្រផិតប្រផើយ»។

កីឡាករមកពីខេត្តកំពតដដែលបន្ថែមថា ទាក់ទងការការរៀបចំព្រឹត្តិការណ៍ខាងលើពិតជាល្អមែនទែន ព្រោះបានធ្វើការប្រកួតតាមបណ្ដាខេត្ត ពិសេសប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមានការគាំទ្រខ្លាំង។ គេសង្ឃឹមថា ក្រុមហ៊ុនស្រាបៀរ Angchor នឹងរៀបចំរដូវកាលទី២ ហើយក្នុងនាមជាក្រុមឈ្នះជើងឯកធានាថា នឹងចូលរួមប្រកួតការពារដំណែងជើងឯកមួយនេះផងដែរ។

គួររម្លឹកថា ព្រឹត្តិការណ៍ Slamball រដូវកាលទី១ បានចាប់ផ្ដើមដំណើរការប្រកួតចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានក្រុម-ខេត្តចំនួន៨ បានចុះឈ្មោះចូលរួម ជាលទ្ធផលក្រុមពង្រូលកំពង់ស្ពឺបានក្លាយជាជើងឯក ដោយគ្រងទឹកប្រាក់ ៥ ពាន់ដុល្លារ លេខ២បានទៅក្រុមត្រីឆ្លាំងភ្នំពេញទទួលបានប្រាក់រង្វាន់៣ ពាន់ដុល្លារ និងលេខ៣ បានទៅលើក្រុមដំរីសៀមរាប ទទួលបានប្រាក់រង្វាន់ ១៥០០ ដុល្លារអាមេរិក៕

Share.