ការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារទីក្រុង Khoy និង តំបន់ជុំវិញនៅភាគពាយព្យប្រទេសអ៉ីរ៉ង់ កាលពីយប់ថ្ងៃ អាទិត្យ (ម៉ោងក្នុងស្រុក) បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣នាក់បានស្លាប់ និង រាប់រយនាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tehrantimes នាថ្ងៃ អាទិត្យ ទី ២៩ ខែ មករា ឆ្នាំ ២០២៣។

គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ២១:៤៤នាទីយប់ ថ្ងៃ អាទិត្យ (ម៉ោងក្នុងស្រុក) វាយប្រហារភាគពាយព្យប្រទេសអ៉ីរ៉ង់ នៅតំបន់ជាប់ព្រំដែនប្រទេសតួកគី។ ការរញ្ជួយដីនេះ បង្កឡើងនៅជម្រៅ ៧គីឡូម៉ែត្រក្រោមដី។

ទាក់ទិននឹងបញ្ហានេះ មន្រ្តីពាក់ព័ន្ធមួយចំនួន រួមទាំងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង មន្រ្តីជួយសង្រ្គោះបានធ្វើដំណើរទៅកាន់ទីក្រុង Khoy ដើម្បីតាមដានកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ ខណៈអាកាសធាតុចុះត្រជាក់ និង ងងឹតខ្លាំងនៅពេលយប់ បានធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមជួយសង្រ្គោះមានការលំបាកយ៉ាងខ្លាំង។

មន្រ្តីក្រសួងថាមពលរបស់ប្រទេស កំពុងព្យាយាមតភ្ជាប់អគ្គិសនីដែលត្រូវបានកាត់ផ្ដាច់នៅតំបន់មួយចំនួនឡើងវិញ។

ចំនួនអ្នកស្លាប់ និង របួសត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈទីភ្នាក់ងារសារព័ត៌មានអ៉ឺរ៉ង់ ISNA បានផ្សាយថា មនុស្សយ៉ាងតិច ៣នាក់បានស្លាប់ ចំណែកអ្នករងរបួសក្នុងហេតុការណ៍រញ្ជួយដីនេះមានចំនួន ៤៤៧នាក់ មកទល់ពេលនេះមានការរញ្ជួយដីជាង ១០លើក បានវាយប្រហារតំបន់នេះ ចំណែកអគារ លំនៅឋាន និង មន្ទីរពេទ្យក្នុងទីក្រុងរងគ្រោះនេះ ក៏មានស្នាមប្រេះ រួមទាំងរងការបំផ្លិចបំផ្លាញផងដែរ។

សូមជម្រាបថា គ្រោះរញ្ជួយដីនេះបានកើតឡើងបន្ទាប់ពីមានការរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារតំបន់នេះកាលពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៣។ ទីតាំងភូមិសាស្រ្តរបស់អ៉ឺរ៉ង់ គឺស្ថិតនៅចំព្រំប្រទល់នៃផ្លាកតិចតូនិចធំៗ មួយចំនួនរបស់ផែនដី ជាហេតុនាំឲ្យប្រទេសនេះតែងតែទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីជាញឹកញាប់៕

ប្រភព៖ Tehrantimes

Share.