ភាពអាសន្នដោយសារគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងររបស់ប្រទេសនូវែលសេឡង់ បានបន្ដនៅថ្ងៃ អាទិត្យ នេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងបានវាយប្រហារកោះខាងជើងរបស់ប្រទេសនេះ បណ្ដាលឲ្យមានការរអិលបាក់ដី, ទឹកជំនន់ភ្លាមៗ និង ធ្វើឲ្យខូចផ្លូវមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អាទិត្យ ទី ២៩ ខែ មករា ឆ្នាំ ២០២៣។

ទីក្រុង Auckland ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសនូវែលសេឡង់ ដែលមានប្រជាជនរស់នៅចំនួន ១.៦លាននាក់ នៅតែស្ថិតក្នុងភាពអាសន្ន បន្ទាប់ពីបានជួបប្រទះនូវទឹកជំនន់ដ៏ខ្លាំងបំផុតមិនធ្លាប់មានកាលពីថ្ងៃ សុក្រ ដោយបានបង្កឲ្យមានទឹកជំនន់ភ្លាមៗ និង បានសម្លាប់មនុស្ស ៣នាក់ និង មនុស្សម្នាក់ទៀតកំពុងបាត់ខ្លួន។

អ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេស បានព្រមានពីអាកាសធាតុកាន់តែធ្ងន់ធ្ងរនៅថ្ងៃ អាទិត្យ រហូតដល់ថ្ងៃ ច័ន្ទ សម្រាប់កោះខាងជើងរបស់ប្រទេស រួមទាំងនៅទីក្រុង Auckland ដែលអាចមានព្យុះផ្គររន្ទះខ្លាំង ខណៈភ្លៀងធ្លាក់ខ្លាំងក៏អាចបណ្ដាលឲ្យមានទឹកជំនន់ភ្លាមៗបន្ថែមទៀតផងដែរ។

យោងតាមការចុះផ្សាយដោយកាសែត New Zealand Herald បានរាយការណ៍ថា ពេលនេះមនុស្សជាង ២ពាន់នាក់កំពុងត្រូវការជំនួយ និង មានប្រជាជនចំនួន ៧០គ្រួសារត្រូវបានជម្លៀសចេញពីទីក្រុង Auckland ដោយសារតែទឹកជំនន់វាយប្រហារខ្លាំងក្លាពេក។

សូមជម្រាបថា ការហោះហើរនៅអាកាសយានដ្ឋាននៅទីក្រុង Auckland ទាំងក្នុងស្រុក និង អន្តរជាតិ ត្រូវបានបិទជាបណ្ដោះអាសន្ន ប៉ុន្ដែជើងហោះហើរទាំងអស់ប្រហែលជាអាចប្រតិបត្តិការឡើងវិញនៅរសៀលថ្ងៃ អាទិត្យ នេះ៕

ប្រភព៖ CNA

Share.