សិល្បៈ​ជាតិ​៖ ឆ្លង​កាត់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​នៃ​ការ​ប្រកួត​ ​កម្មវិធី​បវរកញ្ញា​ភពផែន​ដី​ ឬ​ Miss International 2023​ ទីបំផុត​នៅ​រាត្រី​ ទី​២៩ ខែ​មករា ឆ្នាំ​២០២៣ កម្មវិធី​កម្រិត​ពិភពលោក​​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​បាន​​រក​ឃើញ​ម្ចាស់​មកុដ​របស់​ខ្លួន​ហើយ​នោះ​គឺ​បវរកញ្ញា​មក​ពី​ប្រទេស​ហ្វីលីពីន​។

កម្មវិធី​កម្រិត​ពិភពលោក​ដែល​បាន​រៀបចំ​ការ​ប្រកួត​នៅ​សាល​មហោស្រព​កោះពេជ្រ​ និង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ផេក​ផ្លូវការ​ Miss Planet International និង​សហការ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​ត្រយង មាន​បងប្អូន​អ្នក​គាំទ្រ​ទៅ​ទស្សនា​ផ្ទាល់​យ៉ាង​ច្រើន​កុះករ​ ខណៈ​ដែល​ចំនួន​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​មាន​រហូត​ដល់​​ជាង​មួយ​ម៉ឺន​ភ្នែក​ឬ​13K ភ្នែក​។

នៅ​ក្នុង​រាត្រី​កាត់​សេចក្ដី​ដ៏​រន្ធត់​នេះ​បវរកញ្ញា​មក​ពី​បណ្ដា​ប្រទេស​នីមួយ​ៗ​សុទ្ធតែ​មាន​សម​ត្ថភាព​និង​រូប​សម្រស់​ប្រហាក់​ប្រហែល​គ្នា​​ប៉ុន្តែ​បវរកញ្ញា​មក​ពី​ប្រទេស​ហ្វីលីពីន​ គឺ​កញ្ញា​ Maria Luisa Verel ជា​បេក្ខនារី​ដែល​លេច​ធ្លោ​ជាង​គេ​អាច​ឆក់​បេះដូង​គណៈ​កម្មការ​ឱ្យ​ប្រគល់​មកុដ​ដល់​កញ្ញា​ឱ្យក្លាយ​ជា​ម្ចាស់​មកុដ​ Miss Planet International 2023។

​ក្រៅ​ពី​ម្ចាស់​មកុដ​ MPI-2023 ដែល​ជា​ម្ចាស់​មកុដ​ឆ្នាំ​២០២៣​ហើយ​នោះ​បវរកញ្ញា​ ២​រូប​ទៀត​ដែល​ទទួល​បាន​តំណែង​ First Runner-Up (ចំណាត់​ថ្នាក់​លេខ​២​) គឺ​បាន​ទៅ​លើ​បវរកញ្ញា​​ Jemima Ruth Mandemwa មកពីប្រទេស Zimbabwe និង​តំណែង​ Second Runner-Up (ចំណាត់​ថ្នាក់​លេខ​៣) គឺ​បាន​ទៅ​លើ​​បវរកញ្ញា​ជប៉ុន​ គឺ​កញ្ញា​​ Aya Ono។

ដោយឡែក​បវរកញ្ញា​​ភពផែនដី​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​កញ្ញា​ ពក​ ស្រីល័ក្ខ​ ទទួល​បាន​​​តំណែង​លំដាប់​រង​ទី​ ​៦​ ​ឬ​ The ​6​ ​Runner-Up​៕

Share.