ការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ វិញ គឺក្រសួងមហាផ្ទៃ ដែលបាន បញ្ចូន​អត្តព​លិក​ចូលរួម​ច្រើនជាងគេនោះ បានឈ្នះមេដាយសរុប ២២គ្រឿង រួមមានមេដាយមាស៨ ប្រាក់ ៩ និង​សំរឹទ្ធ ៥ ដើម្បីឈរនៅលេខ១ ហើយតាមពីក្រោយដោយ ក្រសួងការពារជាតិ ដែល​ឈ្នះ​បាន​មេដាយ​មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៣។

ចំណែកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ៣ ឈ្នះ​មេដាយមាស ២ និងសំរឹទ្ធ ២ រីឯក្លិប​យាង​ព្រីងមានរឹទ្ធខេត្តកំពង់ឆ្នាំ ឈរលេខ៤ ឈ្នះមេដាយមាស ២ សំរឹទ្ធ ១ និង​សមាគម​កីឡា​ចំបាប់​ខេត្ត​ពោធិ៍សាត់ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ៧ ឈរលេខ៥។

លទ្ធផលនេះ ក្រោយ​បានបញ្ចប់ការប្រកួត នៅថ្ងៃទី២៩ ខែមករានេះ ក្រោយ​ដំណើរ​ការ​ប្រកួត​រយៈ​ពេល ៥ថ្ងៃ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ ហើយការប្រកួតនេះ មានប្រតិភូ និងកីឡាករ កីឡាការិនីចូលរួមសរុប ៩៦នាក់ មកពី១០សមាគម/ក្លិប និងក្រសួង។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បាន​ចាត់​ទុក​ការ​ប្រកួត​កីឡាចំ​បាប់​ជ្រើស​រើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ គឺជាជំហានថ្មីមួយទៀត នៃ​ដំណើរឆ្ពោះ​ទៅ​កាន់​ការប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

លោក ខេស៊ី បាណេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​ការខិត​ខំរៀប​ចំ​របស់​គណៈ​កម្មការ និងមន្ដ្រីបច្ចេកទេស ពិសេសការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ដែល​ជំរុញ​ឱ្យការ​ប្រកួត​នេះ បញ្ចប់ដោយជោគជ័យ និងជាសញ្ញាណមួយដ៏ល្អ សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ​២០២៣ បន្ទាប់ពីសហព័ន្ធកីឡាចំបាប់កម្ពុជា បានទទួលបទពិសោធន៍ល្អៗជាច្រើន ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ កាលពីថ្មីៗនេះ។

លោកបានបញ្ជាក់ថា៖ «ការចូលរួមប្រកួតនេះ គឺជាជំហានបន្ដ សម្រាប់​ការបង្ហាញ​សមត្ថភាព​របស់​កីឡាករ កីឡាការិនី ព្រមទាំងពង្រឹងជំនាញ និងបច្ចេកទេស ទាំងកីឡាករ កីឡាការិនី និង​មន្ដ្រី​បច្ចេក​ទេស អាជ្ញាកណ្ដាល-ចៅក្រម។ ការប្រកួតជើងឯកទូទាំងប្រទេសនេះ គឺជាជំហានថ្មីមួយដ៏សំខាន់ ដើម្បីត្រៀមបេសកកម្មចំពោះមុខ គឺការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា»។

អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា រូបនេះ បានបន្ថែមថា ស៊ីហ្គេមនៅកម្ពុជា កីឡាចំបាប់ បាន​កំណត់ ៣វិញ្ញាសាធំៗ រួមមានវិញ្ញាសាក្រិចកូរ៉ូម៉ាំង, ចំបាប់សេរីបុរស និងនារី ដែលផ្នែកនីមួយៗមាន ១០ប្រភេទទម្ងន់ ឬ ១០វិញ្ញាសាដូចៗគ្នា។ តាមរយៈនេះ លោកបានជំរុញឱ្យកីឡាករ កីឡាការិនី ពិ​សេស​ក្រុមជម្រើសជាតិ ត្រូវពង្រឹងឱ្យបានខ្លាំងលើវិញ្ញាសារៀងៗខ្លួន ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​ដណ្ដើម​មេដាយ និងឧត្តមភាពជាតិ ក្នុងនាមម្ចាស់ផ្ទះ៕

Share.