ខ្សែការពារ អ៊ិន វិច្ឆ័យ ត្រូវបានប្រទះឃើញបង្ហាញវត្តមាននៅក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំឲ្យក្លិបបាល់ទាត់កោះកុងអេហ្វស៊ី ប្រកួតចាញ់ Tiffy Army FC ក្នុងលទ្ធផល ៣-២ កាលពីរសៀលថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋានស្តាតចាស់។

អ៊ិន វិច្ឆ័យ គឺជាអតីតកីឡាកររបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ មុនផ្លាស់ទៅកាន់វិសាខា ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ និងចុងក្រោយព្រៃវែង នៅឆ្នាំ ២០២២។

ក្រៅពីនេះក៏ឃើញវត្តមាន Kanta Asami អតីតខ្សែការពាររបស់ក្រុម អាសុីអឺរ៉ុប យូណាយធីត ក៏ដូចជាខ្សែប្រយុទ្ធ Timothy Okereke អតីតកីឡាករ អង្គរថាយហ្គឺរ, ភ្នំពេញក្រោន និង Tiffy Army ព្រមទាំងកីឡាករ សារី ម៉ាត់ណូរ៉ូទីន អតីតសមាជិកណាហ្គាវើលដ៍ ផងដែរ។

សារី ម៉ាត់ណូរ៉ូទីន
Kanta Asami
កីឡាករ Timothy

យ៉ាងណាមិញត្រូវរង់ចាំខាងក្លិបប្រកាសជាផ្លូវការសិន ពោលគឺរយៈពេលនៃការចុះឈ្មោះកីឡាករចូលរួមក្នុងពានរង្វាន់ Cambodian League Cup នឹងបិទនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ (សម្រាប់កីឡាករបរទេស)។

គួរដឹងថាក្លិបបាល់ទាត់កោះកុង ក្រោមការដឹកនាំរបស់លោក ហុក សុជីវន័ ស្ថិតនៅពូល A ជាមួយ គិរីវង់សុខសែនជ័យ, វិសាខា, បឹងកេត, Tiffy Army, អគ្គិសនីកម្ពុជា និង ព្រៃវែង នៃពានរង្វាន់ Cambodian League Cup ២០២៣ ខណ:ពូល B មាន ISI ដង្កោសែនជ័យ, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, ណាហ្គាវើលដ៍, នគរបាលជាតិ, សូលទីឡូអង្គរ៕

Share.