ការ​ប្រកួត​ពាន​រង្វាន់ខេមបូឌានលីគខាប់ (Cambodian League Cup) ឆ្នាំ២០២៣ បាន​ធ្វើ​ការ​ចាប់ឆ្នោតជ្រើសរើសពូលប្រកួតរួច​រាល់​ហើយ​កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែល​គ្រោង​នឹងចាប់ផ្តើមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

ខណ:លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយអំពីការប្រកួតលីគខាប់រដូវកាលនេះថា៖ «ខ្ញុំគិត​ថា​ក្នុងពូល B នឹងមានការប្រកួតប្រជែងខ្លាំង។ វា​ជា​រឿង​ដែល​ល្អស​ម្រាប់​ក្រុម​យើង​​ក្នុង​ការ​មើល​ពីភាពលូតលាស់របស់កីឡាករដែលយើងមាន។ សម្រាប់​គោល​ដៅ​របស់​យើង​នោះ​គឺ​ការពារ​តំណែងជើងឯក។ យើងចង់ក្លាយជាក្រុមដំបូងគេដែលឈ្នះពាននេះ ២ ឆ្នាំជាប់គ្នា»។

ក្លិបបាល់ទាត់ភ្នំពេញក្រោន ស្ថិតនៅពូល B នៃពានរង្វាន់ Cambodian League Cup 2023 ជាមួយ ព្រះខ័នរាជស្វាយរៀង, អង្គរថាយហ្គឺរ, ណាហ្គាវើលដ៍, នគរបាលជាតិ, សូលទីឡូអង្គរ, ISI ដង្កោសែនជ័យ ខណ:ពូល A មានក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ វិសាខា, បឹងកេត, , Tiffy Army FC, អគ្គិសនីកម្ពុជា, កោះកុង និង ព្រៃវែង។

គួររំលឹកថាលោក Oleg Starynskyi ត្រូវ​បាន​ក្លិបបាល់ទាត់ភ្នំពេញក្រោន​ប្រកាស​បន្តកិច្ចសន្យារយៈ​ពេល ២ឆ្នាំ បន្ថែមទៀត កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីគ្រូបង្វឹកកាន់សញ្ញាប័ត្រ UEFA A-License រូបនេះ​បានដឹកនាំក្លិបឈ្នះលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា ជាពិសេស​គឺទទួល​បាន​ជោគ​ជ័យ​ខ្លាំងនារយៈពេល ២ឆ្នាំកន្លងមកនេះ។

លោក Oleg Starynskyi ចូលកាន់តំណែងជាគ្រូបង្វឹកភ្នំពេញក្រោន នៅរដូវកាលឆ្នាំ ២០២០ ដើម្បី​ជំនួស​កៅ​អីលោក ស៊ុំ វណ្ណា ខណ:នេះគឺជាលើកទី២ ដែល​បុរស​ជនជាតិ​អ៊ុយក្រែន​រូប​នេះ​ត្រឡប់​មក​កាន់​ទឹកដី Smart RSN បន្ទាប់ពីលោកធ្លាប់ដឹកនាំក្រុមសិង្ហក្រហមនេះម្ដងកាលពីឆ្នាំ ២០១៦-២០១៧។

ស្នាដៃរបស់លោក Oleg Starynskyi នៅឆ្នាំ២០២២៖
-ឈ្នះពាន Cambodian Super Cup
-ឈ្នះពាន Cambodian League Cup
-ឈ្នះពានលីគកំពូលកម្ពុជា Cambodia Premier League
-ឈ្នះពានគ្រូបង្វិកល្អជាងគេ៕

Share.