នៅក្នុងឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍សរុបកើតឡើង​ ២ ២ ៩៧៦ ករណី មានអ្នកស្លាប់១ ៧០៩នាក់ របួស៤ ០២៦នាក់ ក្នុងនោះធ្ងន់២ ៥៧៩។ នេះបើតាមការថ្លែងឱ្យដឹងពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកជំទាវបានឱ្យដឹងថាអ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ មាន២៧២នាក់ ខេត្តកណ្ដាល១៥៧នាក់ ខេត្តកំពង់ចាម១៣១នាក់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នេះ លោកជំទាវ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យដឹងថាមូលហេតុនៃគ្រោះថ្នាក់ គឺបើកបរលើសល្បឿន៣៩ភាគរយ មិនគោរពសិទ្ធិអាទិភាព២៤ភាគរយ មិនប្រកាន់ស្ដាំ១១ភាគរយ វ៉ាជែង១០ភាគរយ បត់ក្នុងស្ថានភាពគ្រោះថ្នាក់៩ភាគ ស្រវឹង៤ភាគរយ ងងុយ១ភាគរយ។

បើតាមលោកជំទាវ ករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ២០២១នេះ បើធៀបនឹងឆ្នាំ២០២១ បានកើនឡើង៣០៦លើក ស្មើនឹង១១ភាគរយ អ្នកស្លាប់កើន២១២នាក់​ ស្មើ១៤ភាគ របួសកើន៤១១នាក់ ស្មើ១១ភាគរយ។ ប៉ុន្តែបើធៀបនឹងឆ្នាំ២០១៩ដែលជាឆ្នាំមានគ្រោះថ្នាក់ចរាចរណ៍ច្រើនបំផុតនោះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានថយ១១៤៥លើក ស្មើ២៨ភាគរយ អ្នកស្លាប់បានថយចុះ២៧២នាក់ ស្មើនឹង១៤ភាគរយ អ្នករបួសថយចុះ២១១៥នាក់ ស្មើនឹង៣៤ភាគរយ។

ជាការកត់សម្គាល់អ្នកជួបគ្រោះថ្នាក់ដោយការប្រើប្រាស់ម៉ូតូមាន៤៤០៣នាក់ ស្មើនឹង៧៧ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាព ៣០៥៤នាក់ ស្មើនឹង៦៩ភាគរយ ភាគច្រើនមិនពាក់ពេលយប់ ខណៈពេលយប់មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៥៧ភាគរយ បណ្ដាលឱ្យមនុស្សស្លាប់៥៧ភាគរយ របួស៥៤ភាគរយ ធៀបនឹងគ្រោះថ្នាក់ចរាចរណ៍សរុប។

ដោយឡែកករណីគ្រោះថ្នាក់រថយន្តដឹកកម្មករមាន១៣លើក ស្លាប់១នាក់ បួសជាង៣៧០នាក់។ បញ្ជូនករណីគ្រោះថ្នាក់ចរាចរណ៍ទៅតុលការចំនួន១ ០២៧ករណី បានដោះស្រាយចប់១២១ករណី កំពុងអង្កេត៦៦៤ករណី និងបញ្ជូនជនល្មើសទៅតុលាការ៣១៦នាក់។ នេះបើតាមរបាយការណ៍ថ្លែងដោយលោកជំទាវ មឹន មាណវី៕

Share.