ជនសង្ស័យម្នាក់ត្រូវសមត្ថិច្ចចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពរួមនឹងគូកនរបស់ខ្លួនចេញឆក់និងកំហែងយកម៉ូតូតាមផ្លូវកាលពីថ្ងៃទី ២៣ខែមករាឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ មានគ្នាចំនួន ០២នាក់។ក្នុងនោះរួមមាន៖ឈ្មោះ ប៉ុល បូរិន ហៅហ៊ីង​ ភេទប្រុស អាយុ៣៦ឆ្នាំ ជន ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនថ្ងៃទី២៧ខែមករាឆ្នាំ២០២៣ និងម្នាក់ទៀតបានរត់គេចខ្លួនបាន។

បើតាមសមត្ថកិច្ច ជនសង្ស័យមានដីកាបង្គាប់ឲ្យចាប់ខ្លួន​ លេខ៥៣៨ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ហុក​ វ៉ាន់ធីណា​ ត្រូវចោទពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ប្រព្រឹត្តនៅភូមិត្រពាំងពេីក​ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២៦​ និង២៩ ខែមិថុនា ឆ្នាំ២០១៩។

ជាងនេះទៅទៀតជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ០២លេីក​ រួចមកហើយគឺ-លើកទី១៖ រយៈពេល ០៣ខែ​ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ឆ្នាំ២០១៥​។-លេីកទី២៖ រយៈពេល ០៣ខែ​ ពីបទ៖ ហិង្សាដោយចេតនា​ ឆ្នាំ២០១៧។

ចណែកឈ្មោះ​ វុន​ គារ៉ាន់​ ហៅទក​,ត្រា​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ នៅភូមិប្រមរ​ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល​ (គេចខ្លួន)។

ក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន ០៤​គ្រឿង ដែលម៉ូតូទាំងនោះសុទ្ធតែត្រូវបានកែបន្លំស្លាកលេខ។

ជនរងគ្រោះ មានឈ្មោះថា ពឿន ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាង ស្នាក់នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស លាយក្រហម ផលិតឆ្នាំ2021 ពាក់ផ្លាកលេខ កំពង់ស្ពឺ 1T-9908 ចេញពីការងារចុងភៅក្នុងអាហារដ្ឋានជប៉ុន នៅក្នុងការ៉ាស់សាំងតេលា (សុិនត្រលផាក) ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ឆ្ពោះទៅលេងផ្ទះម្ដាយរបស់ខ្លួន នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។  នៅពេលជិះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក Let’s  ពណ៌ស គ្មានក្បាំងផ្នែកខាងមុខ គ្មានផ្លាកលេខ បានជិះតាមពីក្រោយហើយជិះមកក្បែរ រួចកៀរម៉ូតូជនរងគ្រោះអែបខាង បន្ទាប់មកជនសង្ស័យមាឌតូចជិះក្រោយលូកដៃឆក់ទូរស័ព្ទជនរងគ្រោះ តែមិនបាន ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ ស្រាប់តែជនសង្ស័យមាឌធំអ្នកឌុប បានវាយទៅលើជនរងគ្រោះចំនួន ០២ដៃ ត្រូវកញ្ចឹង.កបណ្តាលឱ្យដួលម៉ូតូ ហើយជនរងគ្រោះបានទុកម៉ូតូចោលរត់គេចខ្លួនពីកន្លែងកើតហេតុ។ ពេលនោះជនសង្ស័យម្នាក់ បានលើកម៉ូតូរបស់ជនរងគ្រោះហើយជិះគេចខ្លួនទៅទិសខាងលិចបាត់ទៅ ក្រោយមកជនរងគ្រោះក៏បានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារ ដើម្បីរាយការណ៍ទៅឲ្យសមត្ថកិច្ច។

ក្រោយពីទទួលបានព័ត៌មានកម្លាំងផ្នែកជំនាញ សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ព្រៃពួច ពើក លំហាច ដំណាក់អំពិល ធ្វើការស៊េីបអង្កេត​ ស្រាវជ្រាវ​​ ទើបកំណត់មុខសញ្ញាបាន​ រហូតដល់ថ្ងៃទី២៧.០១.២០២៣​ ក៏ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាន១នាក់ឈ្មោះ​ ប៉ុល​ បូរិន​ នៅ​ចំណុចភូមិព្រៃមាន​ ឃុំព្រៃពួច​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ។

នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យបានសារភាពថា​ ខ្លួននិងបក្ខពួក​ ពិតជាបានរួមគំនិតគ្នា​ វាយយកម៉ូតូជនរងគ្រោះ​ ហេីយនាំគ្នាយកទៅលក់​ នៅផ្លូវ៤១​ ខេត្តកំពង់ស្ពឺ​  ដោយមានអ្នកទទួលទិញ​ ចំនួន ០២នាក់​នៅស្រុកសំរោងទងនិងគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យត្រូវបាននាំទៅកាន់នៅអធិការដ្ឋាននគរបាលស្រុក​ ដេីម្បីកសាងសំណុំរឿងតាមនីតិធី​៕

អត្ថបទ៖តាខ្មៅ

Share.