ដោយមើលឃើញពីទុក្ខលំបាក ពិសេសការមិនបាន​សិក្សា​រៀន​សូត្រ ឬ​រៀន​សូត្រ​ដែរ តែ​មិន​បាន​ដិត​ដល់​របស់​កុមារ​កំព្រា ដែល​ត្រូវ​បាន​ឪពុក​ម្តាយ ស្លាប់​ចោល ឬ​បោះប​ង់​ចោល ឬ​ផ្ញើរ​នឹង​ជីដូន​ជីតា​ចាស់​ជរា​គ្មាន​ទីពឹង សាច់​ញាតិ ឬ​ក៏​​អ្នកដទៃ ដោយ​សារ​តែ​ការ​លែង​លះ​គ្នា ឬ​ភាព​ក្រីក្រ ចំ​ណាក​ស្រុក​ជាដើម ឯកឧត្តម ស សុខា ស្ថាបនិកក្លិប និងលោកជំទាវ កែ សួនសុភី ប្រ​ធាន​ក្លិប​កីឡា​បាល់​ទាត់ វិសាខា ពិសេស​លោក​ជំទាវ​ឧកញ៉ា អគ្គ​មហា​ឧបា​សិកា​ពុទ្ធ​សាស​នូ​ប​ត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានផ្តួចផ្តើម និង​ឧបត្ថម្ភ​គាំទ្រ​ដល់​សាងសង់​មជ្ឈ​មណ្ឌល​កុមារ​កំព្រា​វិសាខា នៃ​ក្តី​សង្ឃឹម​វត្តខ្ចាស់ ដើម្បីទទួលយកកុមារ និង​ក្មេងៗ ទាំងនោះ មកស្នាក់នៅ និង​រៀន​សូត្រ​ក្នុង​មណ្ឌល សំដៅ​ចូល​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិ​បាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

មជ្ឈមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ចំនួន ១ហិកតា ដែលមានបណ្តោយ ប្រវែង ៧០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ដោយចំណាយអស់ថវិកា ចំនួន ៧០ម៉ឺនដុល្លារអាមេរិក ស្ថិតនៅក្នុងភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងបរិវេណវត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ និងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ បច្ចុប្បន្នមានក្មេងៗ កំពុងស្នាក់នៅចំនួន ១២៦នាក់ (ស្រី ៧០នាក់)។

មជ្ឈមណ្ឌលកុមារវិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ត្រូវបានសាងសង់ឡើងតាមស្តង់ដារបច្ចេកទេស ដែលធានាបាននូវសុខសុវត្ថិភាពក្នុងការស្នាក់នៅ និងការសិក្សារបស់ក្មេង ។ ក្នុងនោះក៏មានបន្ទប់រៀនកុំព្យូទ័រ បន្ទប់រៀនចំណេះទូទៅ បន្ទប់ស្នាក់នៅ បន្ទប់ទទួលទានអាហារ បន្ទប់ហាត់ប្រាណ សួនដាំដំណាំលើដី និងលើទឹក ការចញ្ចឹមមាន់ ទា តាមបែបធម្មជាតិ ដែលមិនប្រើប្រាស់សារធាតុគីមី។

សម្រាប់ក្មេងៗ ដែលកំពុងសិក្សា ទាំងក្នុង និងក្រៅប្រទេស មានចំនួន ១៦៦នាក់ រួមមាន៖
– ថ្នាក់មតេ្តយ្យសិក្សា ចំនួន ១១នាក់
– ថ្នាក់បឋមសិក្សា ចំនួន ៥៤នាក់
– ថ្នាក់អនុវិទ្យាល័យ ចំនួន ៥៦នាក់
– ថ្នាក់វិទ្យាល័យ ចំនួន ១៤នាក់
– ថ្នាក់មហាវិទ្យាល័យ ចំនួន ១នាក់
– សិក្សាអាហារូបករណ៍ ស សុខា នៅប្រទេសឥណ្ឌូនេស៊ី ចំនួន ៣០នាក់(វិទ្យាល័យ ២០នាក់ និងសាកលវិទ្យាល័យ ១០នាក់)។

ជាមួយគ្នាដែរ ព្រះករុណាយើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរព្រះគុណ ចំពោះព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ ដែលបានបរិច្ចាគដី ចំនួន ១ហិកតា និងសូមថ្លែងអំណរគុណចំពោះសប្បុរសជននានា ទាំងនៅក្នុង និងក្រៅប្រទេស ដែលបានចូលរួមឧបត្ថម្ភគាំទ្រថវិកាសម្រាប់ការសាងសង់មជ្ឈមណ្ឌលដ៏មានសារៈសំខាន់នេះ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ដល់កុមារ ក៏ដូចជាសិស្សានុសិស្សក្រីក្រ ដើម្បីកាត់បន្ថយភាពក្រីក្រផង និងរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជាផង៕

Share.