នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់បឹងកេត បានប្រកាស តែងតាំងលោក Teo Clement ជាគ្រូបង្វឹក ត្រៀមសម្រាប់ពានរង្វាន់នានា ក្នុងរដូវកាល ២០២៣-២៤ ដូចជា League Cup, Hun Sen Cup និង Cambodian Premier League។

លោក Teo Clement កើតនៅថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ១៩៦៦ ប្រទេសសិង្ហបុរី បច្ចុប្បន្នមានវ័យ ៥៦ឆ្នាំ កាន់អាជ្ញាប័ណ្ឌ UEFA A-License ធ្លាប់ដឹកនាំក្រុម Hougang United FC សមាជិកលីគកំពូលសិង្ហបុរី ចំនួន៤រដូវកាលកន្លះ ពោលគឺពីឆ្នាំ ២០១៨-២០២២ សរុប ១១៩ប្រកួត។

ចំពោះអាជីពជោគជ័យបំផុតរបស់លោក Teo Clement គឺដឹកនាំក្លិបបាល់ទាត់ Hougang United ពោលគឺបានបញ្ចប់ចំណាត់ថ្នាក់លេខ៣ ចំនួន២ដង នៃលីគកំពូលសិង្ហបុរី Singapore Premier League ឆ្នាំ ២០១៩ និង២០២១ ដែលជាការបញ្ចប់ថ្នាក់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

រឿងទាំងនេះក៏បានជួយឲ្យ លោក Teo Clement ឈ្នះពានគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំនៅលីគកំពូលសិង្ហបុរី Singapore Premier League ក្នុងឆ្នាំ ២០២១។

លោក Teo Clement បានជួយឱ្យក្រុមសិង្ហបុរីមួយនេះ បង្ហាញវត្តមាននៅពានរង្វាន់លំដាប់ទី២ របស់ទ្វីបអាស៊ី គឺ AFC Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប កាលពីឆ្នាំ ២០២០ ហើយនៅឆ្នាំ ២០២២ ជួយឲ្យ Hougang United ឈ្នះជើងឯក Singapore Cup ឆ្នាំ ២០២២ ពានដំបូងក្នុងប្រវត្តិសាស្រ្តក្លិបចាប់តាំងពីបង្កើតដំបូងនៅឆ្នាំ ២០១០។

ក្រៅពីនេះលោកក៏ធ្លាប់ជា (Team Manager) អ្នកគ្រប់គ្រងរបស់ក្រុម Tampines Rovers FC ២០១៤-១៥ និងជាគ្រូជំនួយក្រុម Woodlands Wellington FC ចន្លោះឆ្នាំ ២០១២-១៣។

មុនចាប់អាជីពជាគ្រូបង្វឹកបាល់ទាត់ លោក Teo Clement ក៏ធ្លាប់ជាគ្រូបង្ហាត់បាល់ទាត់នៅក្លិបសិង្ហបុរី-ចិន Katong FC ដែលជាសលាបាល់ទាត់របស់អង្គការមួយក្នុងស្រុករបស់ប្រទេសសិង្ហបុរី ផងដែរ៕

Share.