សហព័ន្ធកីឡាវាយសីមីយ៉ាន់ម៉ា (MBF) បានរៀបចំការ​ប្រកួត​ជម្រើសជើង​ឯងកីឡាវាយសី ​កាល​ពី​ថ្ងៃទី២៩ ខែមករាកន្លងទៅ​ ដើម្បីជ្រើសរើស​កីឡាករ​វាយ​សី​ថ្នាក់​ជាតិ​សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ីហ្គេម) នៅកម្ពុជា នាពេលខាងមុខ។

លោក Myo Kyaw Thu អគ្គលេខាធិការនៃ MBF បានសាព័ត៌មានXinhua ថា៖ «វាគឺជា​ការជ្រើស​រើស​កីឡាករ​តំណាង​ចុងក្រោយ​របស់កីឡាករ​វាយសី​បុរស​សម្រាប់​ ការ​ចូល​រួម​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី​៣២ នៅ​កម្ពុជា​នាពេលខាងមុខ»។

លោកបានបន្ថែម​ថា សហព័ន្ធនឹងជ្រើសរើសកីឡាករបុរសចំនួនបីនាក់សម្រាប់វិញ្ញាសាបុរស និង​វិញ្ញាសាវាយ​គូបុរសពីព្រឹត្តិការណ៍​ដើម្បីជ្រើសរើស​កីឡាករ​វាយ​សី​ថ្នាក់​ជាតិ​ចាប់ពីថ្ងៃទី២៨ ដល់​ថ្ងៃ​ទី៣០ខែមករា កន្លងទៅ។

ប្រទេសមីយ៉ាន់ម៉ានឹងបញ្ជូនកីឡាករវាយសីចម្រុះចំនួន ៦ក្រុមមកប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ លោក​បាន​បន្ត​ថា សហព័ន្ធ​បាន​ជ្រើសរើស​កីឡាករ​នារី​ចំនួន ៣ នាក់​រួច​ហើយ​សម្រាប់​ស៊ីហ្គេម​ពី​ការ​ប្រកួត​ថ្នាក់​ជាតិ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹង​ធ្វើ​ឡើង​ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.