យោងតាមការចុះផ្សាយរបស់ផេកសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ – KUN KHMER International Federation នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថាប្រទេសចំនួន ៤ នៅតំបន់អាស៊ានយល់ព្រមចូលរួមជាសមាជិក «គុនខ្មែរ» អន្តរជាតិ។

ប្រទេសចំនួន៤មានដូចជា៖
-ថៃ
-ឥណ្ឌូនេស៊ី
-ម៉ាឡេស៊ី
-ហ្វីលីពីន។

កម្ពុជា បានសម្តែងការស្វាគមន៍និងបើកទ្វាទូលាយគ្រប់បណ្តាប្រទេសទាំងអស់ដើម្បីចូលរួម ដោយក្នុងនាមជាម្ចាស់ក្បាច់គុន ដែលមានគោលបំណងផ្សព្វផ្សាយកីឡាគុនខ្មែរឲ្យមានភាពទូលំទូលាយលើពិភពលោក ដែលបច្ចុប្បន្នមានសមាជិកកើនដល់ ៣៣ប្រទេសរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ។

ការសម្រេចចូលរួមជាសមាជិក«គុនខ្មែរ»អន្តរជាតិរបស់៤ប្រទេសខាងលើកើតឡើង បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ នៅសណ្ឋាគារហ្គាឌិនសុីធី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ជាលទ្ធផលនៃកិច្ចប្រជុំដែលបានសម្រេចគឺ ប្រទេសថៃ និង៧ប្រទេសនៅតំបន់អាស៊ាន ដូចជា៖ ឡាវ,ម៉ាឡេស៊ី​, មីយ៉ាន់ម៉ា​,ឥណ្ឌូណេស៊ី​,ហ្វីលីពីន​ និង វៀតណាម បានគាំទ្រ និងអនុម័តជាឯកច្ឆ័ន្ទប្រើ​ឈ្មោះ​«​គុន​ខ្មែរ»​ ដោយ​មិន​មាន​ការ​កែប្រែសម្រាប់​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

ជុំវិញការ​ដាក់កីឡា «គុនខ្មែរ» ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ ​ឯកឧត្តម វ៉ាត់ ចំរើន បាន​បញ្ជាប់ក្រុមការងារ​​សាព័ត៌មានត្រយង ថា៖ «កីឡា «គុនខ្មែរ» នឹង​ត្រូវ​ដាក់​ប្រកួត​មាន​១៨ វិញ្ញាសា រួម​ទាំង​វិញ្ញាសា​សម្ដែង​គុណគ្រូ ផង​ដែរ។ ចំណែក​លក្ខខន្តិកៈ​នៃ​ការ​ប្រកួត​ក៏​នឹង​កំណត់​ស្លៀក​សម្លៀក​បំពាក់ ដូចជា​មាន​ក្រមា បូក​នឹង​ទង់ជាតិ​ប្រទេស​រៀងៗខ្លួន ជួតលើក្បាល ក្នុង​នោះ​ទ្រនាប់ដៃ ឬ កងដៃ (ខ្សែ​ចងដៃ) ទៅ​តាម​ពណ៌​នៃ​ប្រទេស​នីមួយៗ​ចង់​ដាក់ (ពាក់ព័ន្ធ​នឹង​ជំនឿ) ព្រម​ទាំង​មាន​ប្រើ​​មួក (ការពារ​បង្ហាញ​ថា​មិន​​បែប​​ហិង្សា)»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.