សិល្បៈអន្តរជាតិ៖ កាលពីថ្ងៃម្សិលមិញនេះបណ្ដាញសង្គមនិងសារព័ត៌មានជាច្រើននៅជុំវិញពិភពលោកបានសំរុកផ្សព្វផ្សាយដំណឹងរៀបការរបស់ Song Joong Ki និងមិត្តស្រីបរទេសនាង Katy Louise Saunders តាមរយៈបណ្ដាញសង្គម ព្រមទាំងប្រកាសដំណឹងល្អថាខាងស្រីកំពុងពរពោះខណៈដែលអ្នកទាំងពីរបានចុះអេតាស៊ីវិលរួចរាល់។ ក្នុងចំណោមអ្នកគាំទ្រដែលចូលមកអបអរសាទរចំពោះដំណឹងដ៏រីករាយរបស់បុរសសង្ហាញញឹមស្រស់រូបនេះក៏មានហ្វេនមួយចំនួនបានបង្ហាញការខកចិត្តនិងធ្វើពហិការឈប់គាំទ្រលោកដោយហេតុផលថា តារារូបនេះច្រើនប្រើមនោសញ្ចេតនាដើម្បីទាក់ប្រយោជន៍សម្រាប់អាជីពរបស់ខ្លួន។
យោងតាមរយៈបណ្ដាញសង្គម Twitter អតីតអ្នកគាំទ្រ Song Joong Ki ដែលមិនសប្បាយចិត្តចំពោះដំណឹងដ៏រីករាយរបស់តារារូបនេះបានបង្ហាញអារម្មណ៍ឆេះឆួលរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ការគាំទ្ររបស់ខ្ញុំចំពោះ Joongki បានដើរមកដល់ទីបញ្ចប់។ខ្ញុំនឹងគ្មានថ្ងៃភ្លេចទង្វើនៅស្ងៀមស្ងាត់មិនចេញស្ដីនៅពេលដែល Song Hye Kyo ត្រូវបានគេវាយប្រហារយ៉ាងអាម៉ាសនៅប្រទេសកូរ៉េ បូកនឹងរឿងដែលគេសុំនាងលែងលះខណៈដែលនាងកំពុងថតខ្សែភាពយន្តនៅបរទេស»
បន្ទាប់ពីការលើករបស់ហ្វេនម្នាក់នោះ មានមនុស្សជាច្រើនបានចូលមកឆ្លើយតបនិង Retweet ចំពោះការលើកឡើងនេះ។ ដោយក្នុងនោះមានទាំងមតិគាំទ្រចំពោះការលើកឡើងខាងលើ និងមតិប្រឆាំងមិនគាំទ្រការលើកឡើងខាងលើ ហើយចេញមកការពារ Song Jong Ki។
«ខ្ញុំមិនដែលមើលឃើញគាត់ដូចកាលពីមុននោះឡើយ ក្រោយគាត់បានធ្វើទង្វើបែបនោះដាក់ Song Hye Kyo… មែនវាជាការពិតដែលយើងមិនបានដឹងរឿងទាំងស្រុង ប៉ុន្តែពួកគេមានបានដោះស្រាយគ្នាអត់..ការពិតមួយដែលគាត់បិទមាត់អត់និយាយស្អី ហើយសុំនាងលែងលះទាំងនាងកំពុងថតរឿងនៅបរទេស បានបង្ហាញពីចរិតពិតរបស់គេរួចស្រេចទៅហើយ»
«Joong Ki រៀបការម្ដងទៀតព្រោះ Katy មានខ្សែបណ្ដាញជួយលើអាជីពការងាររបស់គេនៅបរទេស ហើយនាងមានទ្រព្យជាងគេ…ច្បាស់ណាស់គឺគេកំពុងត្រៀមខ្លួនសាកកាមេរ៉ាថតរឿងនៅក្នុងប៉ុស្ដិ៍ BBC តាមរយៈប្រពន្ធថ្មីរបស់ខ្លួន…គ្រប់យ៉ាងច្បាស់លាស់អស់ហើយ…ចាំមើលតើម្ដងនេះបានយូរប៉ុណ្ណា»
នៅក្នុងរឿងនេះដែរ មានអ្នកខ្លះបានលើកយករឿងកូនមកធ្វើជាប្រធានបទវែកញែកគ្នាដោយអ្នកខ្លះអះអាងថា Song Hye Kyo ចង់បានកូន ប៉ុន្តែ Joong Ki មិនទាន់ចង់បាន ហើយក៏មានអ្នកគាំទ្រខាង Joong Ki ចេញមកការពារនិងលើកហេតុផលថាអ្នកដែលចង់បានកូននោះគឺ Joong Ki តែ Song Hye Kyo មិនចង់បានកូន។
យ៉ាងណាមិញអ្នកគាំទ្រកណ្ដាលនិយមបានបង្ហាញទស្សនៈថារឿងរបស់ Song Joong Ki និង Song hye Kyo បានចប់សព្វគ្រប់ហើយ អ្នកទាំងពីរបានលែងលះគ្នាស្របច្បាប់ ហើយអ្នកទាំងពីរក៏កំពុងដំណើរជីវិតរៀងៗខ្លួនដែរ ដូច្នេះការរៀបការ ឬមានកូនគឺជារឿងផ្ទាល់ខ្លួនមិនមានពាក់ព័ន្ធគ្នានោះឡើយ៕
