រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា ខ្លួននឹងបញ្ចប់ការប្រកាសអាសន្នដោយសារមេរោគកូវីដ១៩ នៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់វិធានការរឹតត្បិតដ៏ខ្លាំងក្លាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដអស់រយៈពេលជិត ៣ឆ្នាំមកនេះ។ នេះ​បើយោងតាមការចេញផ្សាយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ៣១ ខែ មករា ឆ្នាំ ២០២៣។

ការប្រកាសអាសន្នថ្នាក់ជាតិ និង ផ្នែកសុខភាពសាធារណៈ ត្រូវបានដាក់ឲ្យដំណើរការទូទាំងសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២០ ដោយរដ្ឋបានរបស់លោកប្រធានាធិបតី Donald Trump។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ការិយាល័យគ្រប់គ្រង និង ថវិកាសេតវិមាន (OMB) បានឲ្យដឹងថា ការប្រកាសគ្រាអាសន្ននឹងត្រូវបន្ដរហូតដល់ថ្ងៃទី ១១ ខែ ឧសភា ហើយបន្ទាប់មកសហរដ្ឋអាមេរិកនឹងបញ្ចប់ការប្រកាសអាសន្ននេះហើយ។

ការិយាល័យគ្រប់គ្រង និង ថវិកាសេតវិមាន (OMB) បានបន្ថែមទៀតថា លោក Biden នឹងវេតូវិក័យប័ត្រដែលបានស្នើឡើងដោយសភាសហរដ្ឋអាមេរិក ដែលនឹងលុបចោលអាណត្តិនៃការផ្ដល់វ៉ាក់សាំងកូវីដ១៩ សម្រាប់ផ្ដល់សេវាថែទាំសុខភាព រួមទាំងកម្មវិធីមួយចំនួនទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ៣១ ខែ មករា សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១០៤,១៨៣,៥៦២ករណី ខណៈអ្នកស្លាប់បានកើនដល់ចំនួន ១,១៣២,៧១៩នាក់ និង អ្នកព្យាបាលជាសះស្បើយមានចំនួន ១០១,២៩០,៨៧៨នាក់៕

ប្រភព៖ CNA

Share.